(បាត់ដំប​ង)៖ មន្រ្តីជានខ្ពស់រប​ស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា​ ពេញមួយឆ្នាំ២០១៦កន្លងទៅ ក្រុមមន្រ្តីរបស់អាជ្ញាធរបានចុះទៅផ្សព្វផ្សាយ និងអ​ប់រំ ពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទាំងប្រទេសជិត១៤លាននាក់ ហើយសម្រាប់ឆ្នាំ២០១៦នោះ អ្នកញៀនថ្នាំត្រូវបានរកឃើញមានចំនួនជាង២ម៉ឺននាក់ ពោលមានការកើនឡើងជាងឆ្នាំ២០១៥ រហូតដល់ជាង៤ពាន់នាក់។

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមទិវាជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន «២៦ ខែកក្កដា ២០១៧» នៅចំណុចនាគសន្តិភាព នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ ពិធីនេះក៏មានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ សិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា «នៅឆ្នាំ២០១៦ កន្លងទៅនេះ យើងបានផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងឲ្យភ្ញាក់រលឹកទៅរកសេវាព្យាបាល ស្តារនីតិសម្បទាបានចំនួន១៣.៧៧៤.៧៣៩នាក់ (ក្នុងចំនួននេះមានអ្នកទទួលការអប់រំលើសពី១ដង) និងបណ្តុះបណ្តាលជនបង្គោលបន្ថែម បានចំនួន ២.៨៣១នាក់។ រកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀនបានកើនដល់ ២០.៦២១នាក់ (ឆ្នាំ ២០១៥ ចំនួន ១៦.៥៧៥នាក់) គឺកើនជាង២៤ភាគរយ។ អ្នកប្រើគ្រឿងញៀនដែលបានចូលទៅទទួលសេវាព្យាបាលមានចំនួ ១១.៦០១នាក់ (ឆ្នាំ២០១៥ចំនួន ៧.៧៥៣នាក់) ស្មើនឹង ៥៦,២៥ភាគរយ នៃចំនួនអ្នកញៀនសរុប»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ក្រោមប្រធានបទ «ត្រូវស្ដាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព»

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ក្នុងក្របខណ្ឌនៃការអនុវត្តស្មារតីមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ១៩៨៧ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ទើរទាំងអស់ នៅលើសកលលោក បានរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជាការដាស់តឿន និងក្រើនរំឭកដល់ជនគ្រប់រូបឲ្យយល់ដឹងពីផលប៉ះពាល់ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដោយបំផុសស្មារតីក៏ដូចជាអំពាវនាវឲ្យមានការ យកចិត្តទុកដាក់ ការចូលរួមកាន់តែសកម្មថែមទៀតក្នុងគ្រប់សកម្មភាព​ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល។

នាយឧត្តមសេនីយ៍បានបន្តថា «នៅក្នុងឆ្នាំ២០១៧នេះ ដោយផ្អែកលើស្ថានភាពជាក់ស្តែង នៃគ្រឿងញៀន ដែលនៅតែត្រូវបានគេចាត់ ទុកថាជាបញ្ហាមានការពាក់ព័ន្ធ ទៅនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខភាពគួរឲ្យបារម្ភ ក៏ដូចជាក្នុងគោលដៅបន្តយកចិត្តទុកដាក់លើកកម្ពស់ និងជំរុញនូវស្មារតី នៃការអនុវត្តផែនការសកម្មភាព យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានការ ចូលរួមឲ្យមានប្រសិទ្ធភាព ថែមទៀតនោះ រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបន្ត យកពាក្យស្លោក «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ដែលមានន័យថា យើងត្រូវរួមគ្នា គាំទ្រ អនុវត្ត និងទទួលខុសត្រូវ ចំពោះការបង្ការ ទប់ស្កាត់ ការផលិត ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋាននីមួយៗរបស់ខ្លួន ធ្វើជាពាក្យស្លោកសំខាន់ក្នុងការបំពេញន័យទៅនឹងប្រធានបទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលមានន័យថា «ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយឱ្យពួកគេលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព (Listening to children and youth is the first step to help them grow healthy and safe) » សម្រាប់ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើងក្នុងឆ្នាំនេះ»។

លោក អុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងក្រើនរំលឹកដល់ប្អូនៗ ជាយុវជនទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំលក់ ចែកចាយ និងសេពគ្រឿងញៀន ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នា និងរួមគ្នាទប់ស្កាត់ការផលិត ការនាំចូលចរាចរណ៍គ្រឿងញៀន ការលក់ចែកចាយថ្នាំញៀន ឲ្យបានព្រោះគ្រឿងញៀននេះវាធ្វើជាបន្ទុកដ៏ធ្ងន់មួយសម្រាប់បុគ្គលដែលសេពគ្រឿងញៀន សង្គមគ្រួសារ សង្គមជាតិយើងផងដែរ។ បន្ទាប់មកគណអធិបតីបានបង្ហោះប៉េងប៉ោង ជានិមិត្តរូបដើម្បីអបអរសាទរនៃទិវានេះប្រកបដោយជោគជ័យ៕