(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សហការមន្ទីរពាណិជ្ជកម្មខេត្ត ​ចុះត្រូតពិនិត្យទំនិញ ជាប្រភេទភេសជ្ជៈគ្រឿងកំប៉ុង ដែលដាក់លក់នៅក្នុងផ្សារគីឡូពី តែរកមិនឃើញខូចគុណភាព ព្រោះថាពេលនេះអាជីវករមានការយល់ដឹងច្រើន។

លោក គឹម ប្រុស ប្រធាន​​សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដែលដឹកនាំការងារនេះ បានបញ្ជាក់ថា ​យុទ្ធនាការនេះធ្វើឡើង​ ដើម្បីត្រួតពិនិត្យមើលពីទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានដាក់បន្ថែមនូវ សារធាតុគីមីហាម ឃាត់ ព្រមទាំងត្រួតពិនិត្យ និងធ្វើការរកផលិតផលដែលមានសារធាតុគីមី និងលើទីផ្សារផងដែរ ប៉ុន្តែជាលទ្ធផលល្អ គឺពុំឃើញវត្តមានគីមីលើចំណីអាហារ និងផលិតទាំងអស់នោះទេ។

លោកបានឲ្យដឹងថា អ្វីទាំងអស់នេះ​ដោយសារតែ​អាជីវករមានការយល់ដឹងច្រើនអំពី សុវត្ថិចំណីអាហារ​ដែលត្រូវហាមឃាត់។ ជាមួយគ្នានោះ មន្រ្តី​កាំកុងត្រូល បានណែនាំអំពី ផ​លិតផល​ហួសកំណត់ នៃការប្រើប្រាស់ សូមកុំដាក់លក់តទៅទៀតព្រោះនាំប៉ះពាល់ដល់សុខភាព។

បន្ថែមពីនេះ ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែ ក៏បានថ្លែងអំណរ​គុណដល់អាជីវករទាំងអស់ ដែលបានសហការណ៍ជាមួយមន្ដ្រីជំនាញរបស់លោក បានយ៉ាងល្អ​ប្រសើរផងដែរ ក្នុងការចុះត្រួតពិនិត្យនូវផលិតផលទាំងអស់នោះ៕