(ក្រចេះ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះចរាចរណ៍មួយ ដោយរថយន្តកែច្នៃ បុកម៉ូតូដឹកឈើ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិខ្សា ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដកែច្នៃបុក ម៉ូតដឹកឈើ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូដឹកឈើលើផ្លូវជាតិ បណ្ដាលឲ្យស្លាប់ និងកន្លែងកើតហេតុតែម្ដង។

លោក ចាន់ ធី នាយផ្នែកចរាចរណ៍ស្រុកចិត្របុរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា អាយុ២៩ឆ្នាំ រស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ចំណែកអ្នកបើកបររថយន្ដកែច្នៃ មិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់បន្សល់ទុក រថយន្ដនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ដោយឡែក វត្ថុតាងទាំងម៉ូតូ និងរថយន្ដយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕