(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ពិធីក្រុងពាលី ដើម្បីបើកការដ្ឋានវាយកម្ទេចអគារប៊ូឌីញ «ស» នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ​ រួចមក លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ស្របគ្នាជាមួយ អ្នកជំនាញថា ការវាយកម្ទេចអគារ ដ៏ចំណាស់នេះ នឹងត្រូវអនុវត្តតាមបច្ចេកវិទ្យាទំនើប ប្រើរយៈពេល៤ខែ ចាប់ពីថ្ងៃនេះតទៅ ហើយខណៈនេះ ក្រុមការងារក៏កំពុងហ៊ុមព័ទ្ធរបង និងរៀបចំ ប្រព័ន្ធការពារសុវត្ថិភាពផងដែរ។

លោក សុជាតិខេមរ៉ូ ថ្លែងយ៉ាងដូច្នេះថា «បែបផែននៃការវាយកម្ទេច គឺធ្វើទៅតាមបច្ចេកទេសទំនើប គឺការពារបរិស្ថានបានគឺការពារ សំឡេង បញ្ហាហុយធូលីដី និងការគោរពម៉ោងពេលវេលា មិនឲ្យប៉ះពាល់ ឬរំខានដល់បងប្អូនប្រជាពលរដ្ឋជុំវិញទេការវាយកម្ទេចរុះរើ អគារនេះ ប្រើរយៈពេលប្រហែលជា៤ខែ»

អគារពាណិជ្ជកម្មបែបទំនើបថ្មី ដែលនឹងផុសជារូបរាងឡើង បន្ទាប់ពីការវាយកម្ទេចអគារប៊ូឌីញចាស់នោះ អាចនឹងត្រូវបានតុបតែង ឲ្យមានរចនាបថ បែបខ្មែរខ្លះៗដែរ ខណៈឈ្មោះថ្មីនៃអគារនេះ មិនទាន់មានការបញ្ជាក់នៅឡើយ ពោលត្រូវមានការពិគ្រោះយោបល់ពី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមហ៊ុន Arakawa ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់លោក បេងហុង សុជាតិខេមរ៉ូ។

ចំណែកលោក ហេង ប៊ុននី អ្នកជំនាញការវាយកម្ទេចអគារ និងជាតំណាងឲ្យក្រុមហ៊ុន ព្រះពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការវាយកម្ទេច អគារប៊ូឌីញនេះ បានបញ្ជាក់ថា ការវាយកម្ទេចអគារដែលស្ថិតនៅចំកណ្ដាលមជ្ឈដ្ឋានប្រជាពលរដ្ឋនេះ គឺត្រូវប្រើប្រាស់គ្រឿងចក្រ ច្រើនជាងកម្លាំងមនុស្ស មានដូចជា ប្រភេទអាអ៊ិចខាំ អាអ៊ិចបាញ់ អាអ៊ិចជីកគាស់ គ្រឿងចក្រច្របាច់បំបែក រថយន្តដឹកជញ្ជូនកម្ទេចថ្ម ចេញពីការដ្ឋានជាដើម ព្រោះរយៈពេលនៃការរុះរើនេះមានតែ ៣-៤ខែ ប៉ុណ្ណោះ ហើយគ្មានការប្រើរំសេវបំផ្ទុះឡើយ ព្រោះវាអាចប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងអគារ។

រីឯពលរដ្ឋដែលធ្លាប់រស់នៅក្នុងអគារប៊ូឌីញ លោកស្រី ឈុំ សាគន បានសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ដែលបានដោះស្រាយជូនប្រជាពលរដ្ឋ និងសម្រុះសម្រួលគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ធ្វើឲ្យពលរដ្ឋអាចទទួលបានគ្រប់ៗគ្នា ដោយអំពើហិង្សា ដូចការអភិវឌ្ឍក្នុងតំបន់ផ្សេងៗទៀតនៅរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដែលធ្លាប់រស់នៅអគារប៊ូឌីញ «ស» ទាំង៤៩៣គ្រួសារ បានរុះរើឥវ៉ាន់ចេញពី លំនៅដ្ឋាន និងទៅទទួលប្រាក់សំណងគ្រប់គ្នាអស់ហើយ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងរៀបចំដែនដី។

សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹង ចំណាយថវិកាសាងសង់ប្រមាណពី ៧០-៨០លានដុល្លារអាមេរិក៕