(ព្រះសីហនុ)៖ នៅខេត្តព្រះសីហនុ ទឹកភ្លៀងបានបន្ដធ្លាប់ជាប់ៗគ្នា៣យប់៣ថ្ងៃហើយ ដោយបណ្ដាលឲ្យតំបន់វាលទំនាបមួយចំនួនរងការជន់លិច ប៉ុន្ដែនៅទីរួមខេត្តមិនមានអ្វីជាបញ្ហាចោទនោះទេ, នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ភ្លៀងធ្លាប់ច្រើនគួរសម៣យប់ ៣ថ្ងៃហើយ នៅខេត្តព្រះសីហនុ តែមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ ប៉ុន្ដែក៏​ធ្វើឲ្យវាលទំនាបមួយចំនួនក្នុងខេត្តរងការលិចលង់ ដោយឡែកនៅទីរួមខេត្តមិនអីនោះទេ ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ មានទឹកលិចចូលផ្ទះរបស់ប្រជាពលរដ្ឋខ្លះផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សម្រាប់បងប្អូនប្រជាពលរដ្ឋដែល​ទៅលេងនៅតំបន់សមុទ្រឯណោះវិញ លោកបានបញ្ជាឲ្យកម្លាំងនគរបាល ចុះល្បាតមើលជានិច្ច ក្រែងមានគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ។ ចំណែកប្រជាពលរដ្ឋនេសាទវិញ កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានដាក់របាំងការពារ ដោយមិនអនុញ្ញាតិឲ្យទូកនេសាទតូចចេញនោះទេ ដោយអនុញ្ញាតិឲ្យតែអូប័រធំៗតែប៉ុណ្ណោះ។

យ៉ាងណាមិញ លោកស្នងការខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំណែកប្រជានេសាទក៏ត្រូវតែអនុវត្តន៍តាមការហាមប្រាបរបស់សមត្ថកិច្ចផងដែរ ជៀសវាងមានគ្រោះថ្នាក់កើតឡើង។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះរាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ច្រើន ចំពោះតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកំពស់ខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូមភ្លៀង រលក បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕