(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រលាប បានឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុម មានគ្នាសរុបប្រមាណ ១៥នាក់ បន្ទាប់ពីពួកគេបង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈទាំងកណ្តាលអាធ្រាត្រ។

ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចទំនប់បង្ហារទឹករលាប ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងទំនើងដែលប្រមូលផ្តុំគ្នានោះ មាន២ក្រុម ដោយមួយក្រុមមានគ្នា ៧នាក់ និងមួយក្រុមទៀត មានគ្នា ៨នាក់ សរុបមានគ្នា ១៥នាក់ និងម៉ូតូ ៩គ្រឿង។

លោកអធិការបន្តថា ការដែលឃាត់ខ្លួនក្មេងទំនើងទាំង ១៥នាក់ មកបង្ខាំងទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាបណ្តោះអាសន្ននោះ គឺដោយសារកម្លាំងរបស់លោកបានល្បាត និងឃើញពួកគេពពាក់ពូនគ្នា នៅលើផ្លូវសាធារណៈទាំង កណ្តាលអាធ្រាត្របង្កទៅជាភាពអនាធិបតេយ្យ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានធ្វើការសួរនាំក្មេង ទំនើងទាំង១៥នាក់ ឃើញថា ពួកគេទាំងអស់ប្រមូលផ្តុំគ្នា ក្នុងគោលបំណងដើរលេងជារួមតែប៉ុណ្ណោះ គ្មានបំណងចង់បង្ករឿងអ្វីនោះទេ។ ក្រោយសួរនាំដឹងរឿង ទើបប្រកាសស្វែងរកឪពុកម្តាយ មកធានាយកកូនទៅវិញ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំរួចរាល់៕