(កំពង់ធំ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងជំរុញឲ្យមន្រ្តីមន្ទីរព័ត៌មានតាមខេត្ត វិទ្យុ និងទូរទស្សន៍ ត្រូវតែខិតខំ ស្វែងរកព័ត៌មានមកសរសេរ និងផ្សព្វផ្សាយឲ្យបានលឿនជឿទុកចិត្ត និងចេះចាប់យកខ្លឹមសារដែលសំខាន់ ឲ្យមានការចាប់អារម្មណ៍ ពីអ្នកស្តាប់ និងទស្សនា។

ការថ្លែងដាស់តឿនរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពេលអញ្ជើញជួប សំណេះសំណាលជាមួយមន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកំពង់ធំ។ ក្រៅពីណែនាំមន្រ្តីឲ្យចេះស្វែងរកព័ត៌មាន ដែលល្អហើយផ្សាយឲ្យ បានលឿន ហើយនោះ លោក ខៀវ កាញារីទ្ធ ក៏បានណែនាំឲ្យមន្រ្តីតាមមន្ទីរព័ត៌មានត្រូវចេះប្រើគេហទំព័រ បណ្តាញព័ត៌មានសង្គម Facebook និង Youtube បន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយបានកាន់តែទូលាយ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «កិច្ចការនេះ ត្រូវរួមគ្នាធ្វើជាសមូហភាព រួមសាមគ្គីគ្នាធ្វើ និងចេះចែករំលែកទាំងការងារ ការទទួលខុសត្រូវ ហើយត្រូវផ្តល់ការចែករំលែកមុខមាត់ កិត្តិយសផលប្រយោជន៍គ្នា ជាសមូហភាពផងដែរ»។

ក្នុងឱកាសសំណេះសំណាលនោះ លោករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ មន្ទីរព័ត៌មាន ខេត្តកំពង់ធំ ដែលបានសាមគ្គី សហការគ្នាបានល្អ ធ្វើឲ្យវិស័យព័ត៌មាន ក្នុងខេត្តកំពង់ធំ នាពេលកន្លងមកទទួលបាន លទ្ធផលល្អប្រសើរ។

លោក ខៀវ កាញារីទ្ធ បានបន្តទៀតថា ទន្ទឹម និង លទ្ធផលខាងលើនេះ ក៏មានមន្ត្រីមួយចំនួន នៅមានចំណុចខ្វះខាតដែលត្រូវបង្កើន ចំណេះដឹង ខិតខំពង្រឹងឆន្ទៈការងារ ភក្តីភាព មនសិការ វិជ្ជាជីវៈ ឲ្យបានល្អ និងបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារសហការជា មួយមន្ទីរ អង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានកាន់តែល្អ។

លោក ខៀវ កាញារីទ្ធ ក៏បានណែនាំមន្រ្តីមន្ទីរព័ត៌មានត្រូវចេះកែលំអរ គុណភាពក្នុងការផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ប្រកបដោយក្រម សិលធម៌ ដោយធ្វើការជួបជុំគ្នា ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារសរសេរព័ត៌មាន ថតព័ត៌មាន និងផ្សាយព័ត៌មានបន្ថែមទៀត សំដៅធ្វើឲ្យវិស័យព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរ និងទូលំទូលាយ៕