(ភ្នំពេញ)៖ អ្នក​ជំនាញ​ផ្នែកអារ្យធម៌​ខ្មែរ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ស្ដីពី ប្រវត្ដិ​​ក្បាច់​​ប្រដាល់​ខ្មែរ​ លោក រត្ន័ សណ្ដាប់ បាន​ថ្លែង​ថា​ ​​​បើនិយាយពី​​​ការ​កសាង​ប្រាសាទ​ របស់​បុព្វបុរស​ខ្មែរ​ ​​គឺ​​ក្នុង​​គោល​បំណង​ដើម្បី​ឧទ្ទិស​ដល់​សាសនា និង​ផ្សារភា្ជប់​​​​បុព្វការីជន​របស់​ខ្លួន​​​​​​។ ទន្ទឹមនិង​នេះក៏បាន​ឆ្លុះ​បញ្ចំាង​នូវ​សកម្មភាព​ផ្សេងៗ​​​​របស់​សង្គមផងដែរ​​ ដោយ​បង្ហាញ​អំពី​​​ជីវភាព​ប្រចំាថ្ងៃ​របស់​ប្រជាពលរដ្ឋ សង្រ្គាម ការ​សម្ដែងក្បាច់គុន​ និងការ​សម្ដែង​សិល្បៈ​សម្រាប់​កំសាន្ដ​សប្បាយ​ជា​ច្រើន​ទៀត។​

ទាក់ទង​និង​ក្បាច់គុន​នេះ​ លោក រត្ន័ សណ្ដាប់ បានថ្លែង​បន្ដថា ចំពោះ​​ក្បាច់គុន​ល្បុក្កតោ​​ ដែល​រាជរដ្ឋាភិបាល​មាន​គម្រោង​ស្នើ​សុំ​ចុះ​បញ្ជី​ ជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​​​មនុស្ស​លោក​​នា​ពេល​ខាង​មុខ​នេះ​ ក៏​មាន​ប្រភព​​​ចេញ​ពីរាជធានី​ប្រាសាទ​សំបូរ​ព្រៃគុក​​ (ឥសាន​បុរ)​ ដែលទើប​តែ​​ចុះ​បញ្ជីជា​សម្បត្ដិមនុស្សលោក​​ កាលពី​ថ្ងៃទី៨ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​​ផង​ដែរ​។​

ចំពោះ​ភស្ដុតាងក្បាច់គុនល្បុក្កតោ​នេះ យើង​ឃើញ​​នៅ​ក្រុម​ប្រាសាទ​យាយព័ន្ធ ​ដោយ​ស្ថិតនៅ​លើ​ជញ្ជាំ​ង​​មាន​​ក្បាច់​ចម្លាក់យ៉ាង​​ល្អវិចិត្រ​​ ក្នុង​​​​រង្វង់​ជាស៊ុមូល​​​​ គឺ​​បង្ហាញ​អំ​​ពី​​សកម្ម​ភាព​​មនុស្ស​ពីរនាក់ ប្រយុទ្ធ​​នឹង​សត្វ​តោ​ ប្រកប​ដោយ​កាយ​វិការ​​យ៉ាងស្ទាត់​ជំនាញ​ និង​ស្វាហាប់​បំផុត។​ មរតកនេះ ក៏បានផ្ទេរ​​ជាបន្ដបន្ទាប់ មក​ដល់កូន​ចៅ​​សម័យ​អង្គរ រហូតដល់​​បច្ចុបន្ន​​ ដូច​​​យើង​​ឃើញនេះ។​

លោក រត្ន័ សណ្ដាប់ ​​បញ្ជាក់​ថា​ ចំពោះ​​សៀវភៅ​ស្ដីពី ប្រវត្ដិក្បាច់​ប្រដាល់​ខ្មែរនេះ​​ ក៏បាន​បោះពុម្ពរួច​រាល់​ផងដែរ​ ដោយ​ទុក​ជាការ​រួម​ចំណែក​​​​ថែរក្សា​ និងអភិរក្សនូវ​ស្នាដៃ​របស់​ដូន​តា​យើង​។​​​ ​​​ក្នុងនោះលោក​​បាន​ជីក​កកាយ​នូវ​​​​​គ្រឹះ​ក្បាច់​គុន​ខ្មែរ​​​​ ដែល​ជាក្បួន​ប្រយុទ្ធ​ក្នុង​​សង្រ្គាម ដើម្បីការពារ​ទឹក​ដី​ រហូតក្លាយ​ជា​អាណាចក្រ​​នា​​សម័យ​នោះរួមមាន​​​៖ ក្បាច់ប្រដាល់ គុន​ល្បុក្កតោ និង​ក្បាច់គុន​ផ្សេងៗទៀត​។​

ជា​ចុងបញ្ចប់​​លោក បាន​បញ្ជាក់ថា​​ ចំពោះ​រាជធានី​ប្រាសាទ​សំបូរ​ព្រៃគុក ដែល​​​​ក្លាយ​ជាសម្បត្ដិ​​មនុស្ស​ជាតិ​​​​​​​នា​ពេល​នេះ​ គឺពិត​​​ជា​ភស្ដុតាងដ៏រឹងមំា​​​ ​​សម្រាប់​គុន​ល្បុក្កតោខ្មែរ​ ដែល​និង​ក្លាយ​​ជា​សម្បត្ដិ​​វប្បធម៌​អរូបី​​របស់​មនុស្សលោក​ នា​ពេល​បន្ដទៀតផង​ដែរ​។ បើដូច្នេះ​​យើង​​​ជាកូនខ្មែរជំនាន់​នេះ​​​ ត្រូវមាន​មោទនភាព ចំពោះ​​ស្នាដៃ​​របស់​បុព្វ​បុរស​ខ្លួន តាមរយៈ​​ការ​​​សាទរ​ទំាងអស់គ្នា​នូវ​ព្រឹត្ដិការណ៍​ដ៏អស្ចារ្យ​នេះ​​​​ បើ​ពុំ​ដូច្នោះ​ទេ ប្រសិន​​ជា​​​យើង​ធ្វើ​ព្រងើយ​កន្តើយក្នុង​ការ​សាទរនេះ គឺ​​មានន័យ​ថា​ ​«យើង​​​បដិសេធន៍​នូវ​ស្នាដៃ​របស់​​​បុព្វ​បុរស​​យើង»​ យ៉ាង​ដូ​ច្នេះ​ដែរ៕​