(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានត្រាស់បង្គាប់៖ «មាត្រា១ តែងតាំងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ។ មាត្រា២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ»