(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានដាក់លិខិតមួយច្បាប់ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងសុំការបញ្ជាក់បន្ថែម លើករណីលោក នី ចរិយា ដែលត្រូវតុលាការសម្រេចឲ្យនៅក្រៅឃុំ នៅថ្ងៃម្សិលមិញ ដើម្បីពិចារណារឿងការចូលកាន់តំណែង ជាអគ្គលេខាធិការរងរបស់លោកបន្តទៀត។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុង លើលោក នី ចរិយា ដែលបច្ចុប្បន្ននៅជា «ជនត្រូវចោទ» ស្ថិតនៅក្រៅឃុំ នៅឡើយនោះ លោកនឹងអាចចូលធ្វើការ ក្នុងតំណែងជាអគ្គលេខាធិការរង គ.ជ.ប បានដូចដើម។

លោក ថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុង គាត់អាចចូលធ្វើការវិញបាន ប៉ុន្តែយើងមិនដឹងថាយ៉ាងណាទេ ព្រោះតាមដែលដឹង គ្រាន់តែអនុញ្ញាតឲ្យនៅក្រៅឃុំទេ ហ្ចឹងហើយបានថា វាស្រពិចស្រពិលពីរឿងខ្លឹមសារហ្នឹងដែរ បានតែយើងទាក់ទងជាមួយស្ថាប័នតុលាការ»

លោកបញ្ជាក់ថា «ប្រសិនបើ» តុលាការកំពូលសម្រេចដាក់ទោសទណ្ឌចុងក្រោយ លើលោក នី ចរិយា យ៉ាងណានោះ គ.ជ.ប នឹងដកហូតតំណែង អគ្គលេខាធិការរង ពីលោកតែម្ដង រួមទាំងប្រាក់ខែ និងទ្រព្យសម្បត្តិពាក់ព័ន្ធ ដូចជារថយន្តដែលផ្ដល់ដោយ គ.ជ.ប ផងដែរ។

សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤នាក់ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ចាងហ្វាង​ការផ្សាយ​នៃ​ព្រឹត្តិបត្រ «អ្នកជា» របស់​សមាគម​អាដហុក, លោក ណៃ វង់ដា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង៥រូបនេះ ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ រកឃើញថា​ បាន​បញ្ចុះបញ្ចូល​​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ដែលបច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕