(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលផុតអាណត្តិនៅប៉ុន្មានថ្ងៃខាងមុននេះ បានសម្តែងនូវការកោតសរសើរដល់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អភិបាលរាជធានីភ្នំពេញថ្មី ដោយលោកសង្កត់ធ្ងន់ថា លោក ឃួង ស្រេង ជាធនធានដ៏ស័ក្ដិសមសម្រាប់តំណែង ជាអភិបាលរាជធានីភ្នំពេញ ព្រោះលោកមានសមត្ថភាពខ្ពស់។

លោក ប៉ា​​ សុជាតិវង្ស ថ្លែងយ៉ាងដូច្នេះថា «សូមយកចិត្តដាក់ដើម្បីបន្ដការគាំទ្រ​ដល់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរង ដែលនឹងឡើងជាអភិបាលបន្ដទៅទៀតនេះ ដើម្បីមានគ្រប់លក្ខណៈសម្បត្តិ សម្រាប់បន្ដការដឹកនាំទីក្រុងយើង នេះគឺជាធនធាននៅនឹងកន្លែង ធនធានដែលយើងគិតថា អ្នកដែលមានពិសោធន៍ អ្នកដែលយល់បានពីស្ថានភាពទីក្រុងយើង បន្ដគាំទ្រទៀត​គាំទ្រគាត់ មិនមែនដើម្បីគាត់ទេ គឺដើម្បីទីក្រុងយើងកាត់បន្ថយបញ្ហាប្រឈម»

ការសម្ដែងនូវការកោតសរសើរនេះ ត្រូវបានធ្វើឡើងនៅ ក្នុងសន្និបាតបូកសរុបការងារ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ហើយពិធីប្រកាសចូលកាន់តំណែង​ជាផ្លូវការនោះ នឹងត្រូវនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោម​អធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕