(ភ្នំពេញ​)៖ ​​ប្រជាពលរដ្ឋរស់នៅជាប់​របងសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង តាមផ្លូវ៥១២ កែងផ្លូវ៤៣០​ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា នៅយប់មិញ មានចោរលួចចូលទៅគាស់ផ្ទះ​យកទ្រព្យសម្បត្តិរបស់ពួកគាត់អស់រលីង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ​ រួចគេចខ្លួនដោយសុវត្ថិភាព។

ជុំវិញបញ្ហាអសន្តិសុខខាងលើនេះ ប្រជាពលរដ្ឋរងគ្រោះសុំអំពាវនាវឲ្យសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ផង ហើយតាមស្រាវជ្រាវ បង្ក្រាបក្រុមចោរទាំងនោះ ឲ្យខាងតែបាន បើមិនចឹងទេ ការរស់នៅ និងការចាក់សោផ្ទះទុកចោល គឺអារម្មណ៍ស្ថិតនៅក្នុងភាពភ័យខ្លាចជាក់ជាមិនខានឡើយ។

នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមចោរបានចូលទៅគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើ ហើយមានបន្ទប់ជួលចំនួន០៦បន្ទប់ហើយ ដែលត្រូវបានក្រុមចោរគាស់យកសម្ភាររួមមាន៖ ឧបករប្រើប្រាស់សម្រាប់គ្រឿងភ្លេង តន្ត្រី លុយកាក់ ប្រាក់កាស របស់មាន​តម្លៃ​ និងរបស់ផ្សេងៗទៀត ខ្ទង់ពាន់ដុល្លារ​ ខណៈម្ចាស់ផ្ទះរងគ្រោះចាក់សោចោល។

ប្រជាពលរដ្ឋ​បានអះអាងថា​ ជារៀងរាល់យប់ មានក្រុមមន្ត្រីប៉ូលិសចុះល្បាតដែរ​ តែសកម្មភាពគាស់ផ្ទះនៅតែមានមិន​ដឹងមកពីមូលហេតុ​អ្វីនោះឡើយ។ លើសពីនេះ មន្ត្រីប៉ូលិសប៉ុស្ដិ៍ផ្សារដើមថ្កូវ ដែលចុះល្បាតដល់កន្លែងកើតហេតុ ក្នុងមូលដ្ឋាន​ បានធ្វើការប្រលូយពាក្យសំដីថា ផ្ដុំនេះ​ក្រុមចោរគាស់ផ្ទះឬ​ បន្ទប់សឹងរាល់ថ្ងៃ ដោយសារម្ចាស់​ចាក់​សោទុកផ្ទះចោល។​

ស្ថានភាពបែបនេះ ហាក់ធ្វើ​ឲ្យ​ប្រជាពលរដ្ឋអស់ជំនឿទៅលើ​មន្ត្រីសមត្ថកិច្ចទាំងនេះ ក្នុងការថែរក្សាសន្ដិសុខជូនពួកគាត់។​ ប្រជាពលរដ្ឋ​ពិតជាមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ត្រូវនិយាយពឹងពាក់​ឲ្យ​ខាងណាជួយបាន បើមិនចេញទៅធ្វើការមិនដឹងបានអី​ចិញ្ចឹម​ជីវិត​។ ដូចច្នេះសូមអង្គភាពសមត្ថកិច្ច ជាពិសេស​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សូមជួយអន្តរាគមន៍ករណីនេះ ​ឲ្យ​មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​៕