(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីសើ្នច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ របស់អគ្គលេខាធិការព្រឹទ្ធសភា ជម្រាបរាយការណ៍ជូនអង្គប្រជុំអំពីលិខិត របស់រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មកព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ ដោយមានភ្ជាប់មកជាមួយ នូវសេចក្តីថ្លែងហេតុរបស់ព្រឹទ្ធសភា ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្របតាមមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងនិតិវិធីកំណត់ក្នុងប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។

សេចក្តីស្នើច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា និងដោយអង្គប្រជុំមិនមានមតិពិភាក្សាផ្តល់យោបល់បន្ថែម... អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏បានអនុម័ត ចំនួន០៩សម្លេង (នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា) យល់ព្រមលើទម្រង់សេចក្តីស្នើច្បាប់ និងប្រគល់ភារកិច្ចជូនគណៈកម្មការទី៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា ដោយចាត់ទុកជាការប្រញាប់...៕