(បាត់ដំបង)​៖ កម្លាំងនគរបាលខេត្តបាត់ដំបង នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះចាប់ខ្លួនព្រះសង្ឃ១អង្គ តាមដីការបស់តុលាការ បញ្ជា​ឲ្យចូលខ្លួនលេខ លេខ​៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ​ចេញ​ដោយ​លោក ​គឺ ប៊ុ​ណ្ណ​រ៉ា ព្រះរាជអាជ្ញាររងអម​សាលាដំបូង​ខេត្ត​ ពីបទធ្វើឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនាជាតិ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុសច្បាប់ ក្នុង​​វត្ត​ដំរី​ស សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ​

សមត្ថកិច្ចបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះ មានព្រះនាម ហន សុ​ផា​ន្នី អាយុ​២៤​​ឆ្នាំ គង់នៅ​កុដិ​លេខ​១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ។​

មន្ដ្រីនគរបាលបន្ថែមថា ការនាំ​ខ្លួន​សង្ឃ​អង្គ​នេះ​ ទៅ​កាន់​សាលាដំបូង​ខេត្ត ដើ​ម្បី​សួរនាំ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ «ធ្វើឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនាជាតិ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុសច្បាប់» ដែល​បាន​​ប្រ​ព្រឹ​ត្ត​នៅ​ក្នុង​វត្ត​ដំរី​​ស និង​នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្រុក​ប​រវេ​ល​ កាលពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ​ខែមេ​សា ឆ្នាំ២០១៧កន្លងទៅ​។

​បច្ចុប្បន្នសមត្ថកិច្ចជំនាញ​ បញ្ជូនព្រះសង្ឃអង្គនេះ ​ទៅស្នងការខេត្ត ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕