(ពោធិ៍សាត់)៖ ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ រត់ឡើងលើគោយន្តដឹកពាងដែលត្រូវចែកជូន ជាការបដិភាគរបស់ប្រជាពលរដ្ឋជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបណ្តាលឲ្យរអិលធ្លាក់ កិនស្លាប់យ៉ាងអាណោចអាធម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣៖១០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចមុខផ្ទះ ជា ផាត ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ផាត់ ភ័ណ្ឌ អាយុ១០ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯអ្នកបើកបរគោយន្ត មានឈ្មោះ ង៉ែត ជា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរធ្វើពាងលក់ បច្ចុប្បន្នរស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា មុនពេលកើតហេតុឈ្មោះ ង៉ែត ជា បានបើកគោយន្តដឹកពាងដែលបានធ្វើរួច ជាបដិភាគរបស់ប្រជាពលរដ្ឋជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ទៅចែកជូនតាមខ្នងផ្ទះ។ ពេលកំពុងតែបើកគោយន្ត ស្រាប់តែមានក្មេងស្រីរងគ្រោះម្នាក់ បានហក់រត់ឡើង ដោយមិនដឹងថាមានក្មេងនៅពីក្រោយផងនោះ ឈ្មោះ ងែត ជា បានបន្តបើក ស្រាប់តែក្មេងស្រីរងគ្រោះរបូតដៃធ្លាក់កិនស្លាប់តែម្តង។

ក្រោយពេលកើតហេតុឈ្មោះ ង៉ែត ជា ជាអ្នកបើកបរគោយន្ត នៅតែមិនទាន់ដឹងពីករណីកិនស្រាប់ក្មេងស្រីរងគ្រោះ រហូតក្រុមគ្រួសារសពក្មេងស្រីរងគ្រោះ ប្តឹងមកសមត្ថកិច្ចឲ្យឃាត់ខ្លួនទើបភ្ញាក់ខ្លួន។

បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកម្ចាស់គោយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី៕