(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យអធិការនគរបាលទាំង១២ខណ្ឌ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមស៊ីវិល ដែលបានបង្កភាពរញ៉ែរញ៉ៃ និងជ្រៀតជ្រែកកិច្ចការរបស់សមត្ថកិច្ចលើការសម្រួលចរាចរណ៍ រហូតមានការឃាត់អ្នកដំណើរនៅពេលដែលពូកគាត់ បានបើកម៉ូតូ ឬរថយន្ដខុសច្បាប់ចរាចរណ៍នោះ។

ក្រុមបុគ្គលិកទាំងនេះនាយឧត្តមសេនីយ៍ស្នងការ ក៏បានសំដៅទៅលោក ឃឿន តុលា ដែលមានរហ័សនាម K01 និងក្រុមរបស់ខ្លួនដែលហៅថា សារព័ត៌មានកម្លាំងមនុស្សធម៌ តែងតែចុះទៅសម្រួលចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ពេលខ្លះរហូតឈ្លោះជាមួយអ្នកដំណើរនៅពេលដែលពួកគាត់ បានបើកម៉ូតូខុសទិសចរាចរណ៍ជាដើម។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបដល់លោកអធិការខណ្ឌទាំង១២ សូមយកចិត្តទុកដាក់ ត្រួតពិនិត្យចំពោះកម្លាំងស៊ីវិល ដែលបានអនុវត្តភារកិច្ចរបស់នគរបាលចរាចរណ៍ បានន័យថា ចុះបញ្ជាចរាចរណ៍ ចុះសម្រួលចរាចរណ៍ ឬក៏ចុះអនុវត្តច្បាប់ចរាចរណ៍ ចាប់អ្នកជិះបញ្ច្រាស ឬក៏មិនឈប់ភ្លើងស្ដុប ឬក៏បទល្មើសចរាចរណ៍ផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងភារកិច្ចរបស់សមត្ថកិច្ចចរាចរណ៍ អញ្ចឹងទេ ក្នុងការអនុវត្តច្បាប់គាត់ គ្មាននីតិសម្បទាន ជាមន្ដ្រីនគរបាលយុត្តិធម៌ទេ​ អញ្ចឹងសូមឲ្យលោកអធិការខណ្ឌទាំង១២ មេត្តាយកចិត្តទុកដាក់លើបញ្ហានេះ»។

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា​ ជាពិសេសបំផុតនោះ គឺសកម្មភាពរបស់ K01 ដែលអនុវត្តកន្លងមកនេះ គឺជះឥទិ្ធពលអាក្រក់ណាស់ ដល់ប្រជាពលរដ្ឋរបស់យើង។

សូមបញ្ជាក់ថា K01 ដែលមានឈ្មោះ ឃឿន តុលា ជាម្ចាស់ផេក Facebook «Satawatch FC 20» ដែលគេស្គាល់ថា ជានិពន្ធនាយកអង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ ដែលតែងតែធ្វើសកម្មភាព ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ចរាចរណ៍គ្រប់ទីកន្លែង ជាពិសេសពួកគេព្រួតគ្នាចាប់ម៉ូតូ ឬរថយន្តណា ធ្វើចរាចរណ៍បញ្ច្រាសទិស ហើយឡាយ វីដេអូ លើបណ្តាញ Facebook៕