(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថា បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងសម្រេចជាថ្មី នៅក្នុងសមាជបក្សប្រឆាំង នៅមុនខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ មុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។ លោកអះអាងថា ក្នុងសមាជកាលពីអាណត្តិមុន គណបក្សប្រឆាំងបានសម្រេចដាក់ លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តី ប៉ុន្តែបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិក្រោយនេះ នៅមិនទាន់ដឹងយ៉ាងណាទេ។

ការអះអាងរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននិរទេសខ្លួនទៅក្រៅប្រទេស គេចពីការអនុវត្តច្បាប់ បានចេញមុខប្រកាសនាថ្មីៗនេះថា លោកជាបេក្ខជននាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សប្រឆាំង សម្រាប់អាណត្តិក្រោយនេះ ដើម្បីប្រកួតជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបេក្ខជននាយករដ្ឋមន្រ្តីតែមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយ។

នៅក្នុងកិច្ចសម្ភាសផ្តាច់មុខមួយ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍នាពេលថ្មីៗនេះ លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមពិត គាត់ (លោក សម រង្ស៊ី) និយាយនេះ គឺនិយាយត្រូវ ព្រោះកាលដើមឡើយគាត់ជាបេក្ខជន នាយករដ្ឋមន្រ្តីក្នុងគណបក្សសង្រ្គោះជាតិ អញ្ចឹងដល់តែសមាជម្តងទៀត សម្រេចម្តងទៀតថា នរណា។ ឥឡូវយើងមិនទាន់ដល់ សមាជឯណា? សមាជនេះរៀងរាល់៥ឆ្នាំម្តង មុនខែ៤​(មេសា)»

លោក កឹម សុខា បានអះអាងថា បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងសម្រេចជាថ្មី នៅសមាជមុនខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោត ដែលលោក មិនទាន់ដឹងថា នរណានៅឡើយទេ។

អ្នកវិភាគដ៏ល្បាញល្បី «បក្សីចាំក្រុង» ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមិថុនានេះថា ការប្រកាសរបស់លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០១៨ នាពេលថ្មីៗនេះ ជាការបំពានសមាជបក្ស ហើយការលើកឡើងរបស់លោក កឹម សុខា ពេលនេះ ជាការទះមួយកំផ្លៀងមួយដៃដល់លោក សម រង្ស៊ី ផងដែរ។