(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានរៀបចំយុទ្ធនាការ «FUND the FUND» អំពាវនាវដល់ម្ចាស់ជំនួយតាមប្រទេសនានា ត្រូវតែជួយពេញទំហឹង ជាពិសេសប្រទេសចិនជួយជាជំនួយ ទឹកប្រាក់ចំនួន១ពាន់លានដុល្លារ ដើម្បីបំពេញថវិការមូនិធិ សកលប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ សម្រាប់ឆ្នាំ២០១៧ដល់ឆ្នាំ២០១៩។

លោក ស្រី វ៉ាន់ធួន ប្រធានអង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ បានថ្លែងឲ្យដឹងថា «ថ្មីៗនេះមូលនិធិសកលបានសម្រេចផ្ដល់ ថវិការឲ្យប្រទេសកម្ពុជា នៅជំងឺទាំង៣ រួមមាន ជំងឺរបេង ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ ដែលផ្ដល់ឲ្យ៤១លានដុល្លារសម្រាប់រយៈ ពេល៣ឆ្នាំ ហើយថវិការ៤១លានដុល្លារនេះ ក៏មានការចូលរួមបន្ថែមទៀត ពីរាជរដ្ឋាភិបាលរបស់យើង១លានកន្លះក្នុងមួយឆ្នាំៗ ប៉ុន្ដែថវិការនេះមិនគ្រប់គ្រាន់សម្រាប់ការព្យាបាល និងការថែទាំអ្នកជំងឺប៉ុណ្ណោះទេ តែយើងត្រូវការការពារ នៃការឆ្លងថ្មីបន្ថែមទៀត។ ដោយឡែកថវិការនៃការការពារជំងឺឆ្លងថ្មីនេះកំពុងតែមានខ្វះខាតនៅឡើយ ដូច្នេះហើយទើបយើងព្យាយាមអង្វករដល់ប្រទេសមហា អំណាចទី២របស់សកលលោកពួកគាត់ទម្លាក់ថវិការបន្ថែមទៀត»។

លោកបន្ថែមទៀតថា «យើងសង្ឃឹមថាក្រោយទទួលបានថវិការបន្ថែមហើយនោះ យើងនឹងអាចឆ្លើយតបបានមួយ​កម្រិតបន្ថែម ទៀត ទៅតាមគោលនយោលបាយដែលយើងបានបានប្ដេជ្ញាចិត្តជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសកលលោកផងដែរ»

លោកបានបញ្ជាក់ទៀតថា «ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងមានប្រជាជនលើសលុបជាងគេ​ទូទាំងពិភពលោក ដូច្នេះខ្ញុំជឿជាក់ថារដ្ឋាភិបាលចិន និងយកចិត្តទុកដាក់ និងសង្ឃឹមហើយសង្ឃឹមទៀត​ថាលោកនឹងឆ្លើយតបចំពោះការអំ​ពាវនាវរបស់សង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងសកលលោកផងដែរ»

ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក ដែលមាន១៥ភាគរយនៃជីឌីភីសកល ប៉ុន្ដែចិនផ្ដល់ជំនួយចំនួន ថវិការត្រឹមតែ១៨លានដុល្លារ ដល់មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ នៅពេលដែលប្រទេសជប៉ុនមានសុច្ឆន្ទៈ ផ្ដល់ជំនួយចំនួ៨០០លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោក ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការ AHF ទីតាំងនៅប្រទេសកម្ពុជា។

យោងតាមរបាយករណ៍អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ USAIDS បានឲ្យដឹងថាបើសិនជាការកង្វះថវិការនៅតែបន្ដ ការព្យាបាល និងសេវាមិនបានពង្រីកនៅឆ្នាំ២០២០ លទ្ធផលអាចធ្វើឲ្យប្រជាជនចំនួន២១លាននាក់នឹងស្លាប់ និង២៨លាននាក់ នឹងអាចឆ្លងមេរោគអេដស៍នៅឆ្នាំ២០៣០។ ប្រសិនបើហេតុការណ៍នេះកើតឡើង ពិភពលោកនឹងចំណាយថវិការចំនួ២៤ពាន់លាន​ដុល្លារ  (ជារៀងរាល់ឆ្នាំទៅលើឱសថប្រឆាំងមេរោគអេដស៍) ម្យ៉ាងវិញទៀតនេះគឺជាពេវេលាបង្កើន ការផ្ដល់ថវិការគ្រប់គ្រាន់ សម្រាប់អេដស៍ របេង និងគ្រុនចាញ់ ដែលបានទទួលបានប្រយោជន៍១៥ដងលើថវិការដែលបានវិនិយោគ។

សូមបញ្ជាក់ថាអង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការសកលដ៏ធំមួយ ដែលបច្ចុប្បន្នផ្ដល់សេវាព្យាបាល និងថែទាំ​ដល់អតិថិជនចំនួន ៧៦៨៤៤៥៧នាក់ ក្នុងប្រទេសចំនួន៣៩ទូទាំងពិភពលោកក្នុងសហរដ្ឋអាមេរិក, អាហ្វ្រិក, អាមេរិកឡាតាំង, ការាបៀន, តំបន់អាស៊ីប៉ាស៊ីហ្វិក និងអេស្ទ៍នអ៊ឺរ៉ុប៕