(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរកម្ពុជា ជេស៊ី អ៊ែរឡាញ (JC International Airlines) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បាននិមន្តសម្តេចសង្ឃ ព្រះវន័រត ណយ ច្រឹក ធ្វើពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធិពរ សិរីសួស្តីជ័យមង្គលជូនដល់ ថ្នាក់ដឹកនាំបុគ្គលិកទាំងអស់ដែលបម្រើការងារនៅទីនោះ ក៏ដូចជាយន្តហោះថ្មីសន្លាង ដែលទើបតែនាំចូលពីអាល្លឺម៉ង់កាលពីថ្មីៗនេះ ។

ពិធីសូត្រមន្តប្រោះព្រំសូមពរជ័យនេះ ធ្វើឡើងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការចូលរួមពី លោកស្រី Dong Yan Huang និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិក ក្រុមហ៊ុនអាកាសចរ ជេស៊ី អ៊ែរឡាញផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនជេស៊ីក៏បានកំពុងធ្វើការហោះហើរ ជាអន្តរជាតិទៅកាន់ទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទៅកាន់ទីក្រុងបាងកក ប្រទេសថៃឡង់ហើយនេះជាលទ្ធផល នៃការជឿជាក់ប្រកបដោយភាពកក់ក្តៅ បទពិសោធន៍ និងតម្លៃសមរម្យលើសេវាហោះហើរ ដល់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជេស៊ីបានបើកជើងហោះហើរជាលក្ខណៈ ម៉ៅយន្តហោះទៅកាន់ទីក្រុង ម៉ាកាវ ប្រទេសចិន និងថ្មីៗនេះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន ជេស៊ី ខេបូឌា អ៉ីនធើណេសិនណល អ៊ែរឡាញ របស់កម្ពុជា ក៏បាននាំចូលយន្តហោះប្រភេទ «Airbus A320» ចំនួន២គ្រឿងថ្មីសន្លាង ពីប្រទេសអាល្លឺម៉ង់ផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ មានយន្តហោះ «Airbus A320» ចំនួន៣គ្រឿងហើយ សម្រាប់បម្រើសេវាហោះហើរ។

ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៏ ជេស៊ី មាននឹងគ្រោងបើកការហោះហើរជាអន្តរជាតិបន្ថែមទៀតរវាង ទីក្រុងភ្នំពេញ និងហុងកុង ហើយទីក្រុងភ្នំពេញនិងសឹង្ហបុរី ដែលនឹងក្លាយជាផ្លូវហោះហើរថ្មីបន្ថែមទៀត។ ដើម្បីបំពេញតម្រូវការផ្នែកសេវាដឹកជញ្ជូនអ្នកដំណើរ ដែលមានការរីកចំរើនឥតឈប់ឈរ។

ចក្ខុវិស័យនៃការពង្រីកវិសាលភាព ជើងហោះហើររបស់ក្រុមហ៊ុន គឺក្នុងទិសដៅហោះហើរឆ្ពោះទៅកាន់បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ចិន និង អឺរ៉ុប។ សេវាកម្មថ្មីនេះ គឺជាការឆ្លើយតបទៅនឹងកំណើនទេសចរ យ៉ាងខ្ពស់មកកម្ពុជានាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវានឹងផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ជាពិសេសទេសចរអាចមកកាន់កម្ពុជា ដោយងាយដើម្បីអាចទស្សនារាជធានីភ្នំពេញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ តាមរយះជើងហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនផ្ទាល់ជាច្រើនទៀត។

សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ក្រុមហ៊ុនអាកាសចរ ជេស៊ី អ៊ែរឡាញ ក៏បានធ្វើពីសូត្រមន្តប្រោះព្រំសូមពរជ័យ ដូនដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ មុននឹងធ្វើការហោះហើរយន្តហោះថ្មីប្រភេទ «Airbus 320» ពីរគ្រឿង ដោយបានការនិមន្ត សម្តេចសង្ឃ ព្រះវន័រត ណយ ច្រឹក ធ្វើការប្រោះព្រំផងដែរ៕