(ភ្នំពេញ)៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំ​ជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្ម​ សិទ្ធឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីកិច្ចប្រជុំខាងលើវ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិ នៃអង្គភាពកម្មសិទ្ធិបញ្ញា​នៃប្រទេសសឹង្ហបុរី បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់ ខាងលើដែលមានខ្លឹមសារប្រកប​ ដោយផ្លែផ្កា។

មុនឈានដល់ពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោក Daren tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យកម្ម​សិទ្ធិបញ្ញា នៃប្រទេសទាំងពីរ ដែលបើកផ្លូវឲ្យកម្ពុជា បានចាប់ដៃគូសហការជាមួយ​​ ប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍​អឺរុបជាដើម លើកិច្ចព្រមព្រៀង​ស្តី​ពី​ ការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះ​នៅកម្ពុជា។ ឆ្លងកាត់ការពិភាក្សា និងកែតម្រូវពាក្យ​ពេចន៍ខ្លឹមសារ​ ក្នុងកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់​លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិ​ឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញា​សឹង្ហបុរី រួចមក ភាគីទាំងពីរបានឈាន​​ដល់ពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំ ដែលកំណត់ហេតុនោះ បានបង្ហាញពីវឌ្ឍនភាពការងារ ដោយធ្វើការកត់សំគាល់ថា​ លទ្ធផលនៃសំណើរ​សុំការចុះ​បញ្ជីឡើងវិញ និងការចេញវិញ្ញាបនបត្របញ្ជាក់ ប្រកាសនីយបត្រតក្កកម្មមានលក្ខណៈលឿន​ ជាងការរំពឹងទុក គឺប្រើរយៈពេលតែ២​​សប្តាហ៍ប៉ុណ្ណោះ។

ក្នុងនោះ​នៅឆ្នាំ២០១៦ ក្រសួងបានទទួលពាក្យស្នើសុំចំនួន ១២ បានផ្តល់វិញ្ញា​បនបត្របញ្ជាក់ បានចំនួន០៧ ហើយនៅឆ្នាំ ២០១៧ បានផ្តល់ចំនួនពីរ ក្នុងចំណោមការដាក់ពាក្យស្នើ​សុំចំនួន ០៧ ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការកត់សំគាល់​ផងដែរ ពីភាពជឿនលឿនទៅមុខ​របស់កម្ពុជា ក្នុងវិស័យកម្មសិទ្ធិបញ្ញា​ ដែលដើរតួដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងរយះពេលកន្លងទៅថ្មីៗនេះ គឺកម្ពុជាបានចូលជាសមា​ជិកទី១៥១ នៃសិទ្ធិសញ្ញាកិច្ចសហប្រតិបត្តិការ ប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងទី ០៨ ខែ ធ្នូ ឆ្នាំ២០១៦។

កម្ពុជា បានចូលរួមក្នុងកិច្ចព្រមព្រៀង​ទីក្រុងឡាអេ ( Hague Agreement) ទាក់ទង នឹងការចុះបញ្ជីជាអន្តរជាតិ នៃគំនូរឧស្សាហកម្ម ដែលស្ថិតជាសមាជិកទី ៦៦ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ។ លើសពីនេះ កម្ពុជាបានតែងតាំងអង្គភាពកម្មសិទ្ធិ​បញ្ញាសឹង្ហបុរី (IPOS) ជាអាជ្ញាធរស្រាវជ្រាវអន្តរជាតិ និងត្រួតពិនិត្យ​ផ្តើមមុខគេ ( ISA/IPEA) បន្ទាប់ការចូលរបស់កម្ពុជា ក្នុងសិទ្ធិសញ្ញា PCT ។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយ IPOS ស្តីពីការស្រាវជ្រាវនិងត្រួតពិនិត្យការដាក់ពាក្យស្នើសុំ​ ប្រកាសនីយបត្រតក្កកម្ម ហើយ​ IPOS យល់ព្រមផ្តល់នូវការបណ្តុះ បណ្តាលដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីអនុវត្តប្រព័ន្ធPCT​។ ជាចុងក្រោយកំណត់ហេតុ​នៃកិច្ចប្រជុំ បានឯកភាពយកខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ សម្រាប់រៀបចំកិច្ច​ប្រជុំជាន់ខ្ពស់លើកទី០៦ នៅប្រទេសសឹង្ហបុរី ។

ដោយឡែក​ក្នុងជំនួបនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ខ្ពស់ ចំពោះការលើកឡើង​របស់លោក Daren Tang ដែលជារបត់ថ្មី ដោយចាត់ទុកវិស័យកម្មសិទ្ធិបញ្ញា សម្រាប់ពាណិជ្ជភាវូបនីយកម្ម (IP for Comm​ercialization ) មានន័យថា​ ការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ ត្រូវផ្សារភ្ជាប់នឹងវិស័យកម្មសិទ្ធិបញ្ញា ដែលជាទំនុកចិត្ត​របស់អតិថិជន និងអ្នកបញ្ជាទិញ៕