(ភ្នំពេញ)៖ មូលនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា នៅថ្ងៃទី១៧ ខែមិថុនា បានជួយឧបត្ថម្ភ ដល់លោកគ្រូបង្រៀនសិស្សខែ្មរអ៊ីស្លាម លោក ថន អាហ្ស៊ី ដែលរាល់ថ្ងៃលោកពិការស្វិតដៃជើងមួយចំហៀងខាងឆ្វេង រស់នៅស្រុកព្រៃបន់ ខេត្ដព្រះសីហនុ ។

លោក ឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី និងជាប្រធានមូលនិធិ បានថ្លែងឲ្យដឹងថា «ដោយមើលឃើញពីភាពតស៊ូរបស់លោក គ្រូ ថន អាហ្ស៊ី ដែលត្រូវរ៉ាប់រងជីវភាពគ្រួសារផង ពិសេសនោះ គឺបានប្រឹងប្រែងជួយដល់សង្គមផង តាមរយៈតស៊ូបង្រៀនកូនសិស្សខ្មែរអ៊ីស្លាម នៅសាលា អាន់នាក់មះបត់គរគី ស្រុកព្រៃបន់ ខេត្តព្រះសីហនុ ទាំងខ្លួនឯងពិការស្វិតដៃជើងមួយចំហៀងខាងឆ្វេង តែលោកនៅតែខិតខំប្រឹងប្រែងតស៊ូ ជំនះនូវឧបសគ្គ មូលហេតុនេះហើយ ដែលបណ្ដាឲ្យ ខ្ញុំ និងភរិយា សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១,០០០ដុល្លារ ដល់គាត់ ដើម្បីជួយសម្រាលនូវទុក្ខលំបាក»

លោកឧកញ៉ាបន្ដថា «ខ្ញុំបានស្គាល់គាត់តាមរយៈ Face book ដែលគាត់បានសរសេរមកខ្ញុំប្រាប់ពីភាពលំបាក និងសូមជំនួយពីខ្ញុំ ព្រោះគាត់ពិការស្វិតដៃជើងមួយចំហៀង មិនអាចជិៈម៉ូតូ កង់ បានទេ សម្រាប់ទៅបង្រៀនសិស្ស និងជួយសកម្មភាពសង្គមមួយចំនួន រួមទាំងគ្រួសារគាត់ផងនោះ គាត់ក៏បានសូមឲ្យខ្ញុំឧបត្ថម្ភជាថវិកា សម្រាប់ទិញរថយន្ដ ដែលគាត់មានខ្លះហើយ តែសូមថវិកាខ្ញុំបន្ថែម ដើម្បីបង្គ្រប់ទិញរថយន្ដ ដែលទោះគាត់ខំសន្សំយ៉ាងណា ក៏នៅតែខ្វះខាត មិនងាយនឹងគ្រប់ចំនួនទិញរថយន្ដតូចមួយទោះចាស់ក្ដី ឲ្យតែជួយគាត់អាចជាយានជំនិះសម្រាប់ជិៈ ដល់សាលានោះ បានហើយ គឺលោកសប្បាយរីករាយហើយ ។ដូច្នេះ ខ្ញុំឆ្លើយតបថា បាន ហើយខ្ញុំនឹងបន្ដជួយទៀត តាមអ្វីដែលខ្ញុំអាចជួយបាន ហើយក៏សូមអំពាវនាវដល់បងប្អូនយើងទាំងអស់ ទាំងក្នុង និងក្រៅងប្រទេស ឬយុវជន សូមកុំរើសអើងជាតិសាសន៍ ហើយចេះជួយគ្នាទៅវិញទៅមក ឃើញខុសអីអាចកែតម្រូវបាន ដើម្បីជួយកម្ពុជាយើង កុំចេះតែបង្កបញ្ហានានាទៅតាមរូបភាពផ្សេងៗ ដោយគ្មានការគិត និងសីលធម៌ឲ្យសោះ​ តួយ៉ាងដូចប្អូនប្រុសដែលជាគ្រូបង្រៀននេះចឹង ឲ្យគាត់ប្រឹងប្រែង ដោយយកពេលវេលាគាត់ ជួយសង្គម​ ដូច្នេះខ្ញុំគ្រាន់តែជួយគាត់បន្ថែមមានរឿងអីមិនបាន»

ទន្ទឹមនឹងនោះផងដែរ លោក ថន អាហ្ស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា ​និងភរិយាលោក ដែលបានជួយឧបត្ថម្ភ និងគាំទ្រ ដល់លោក ឲ្យមានលទ្ធភាពកាន់តែប្រសើរ ដោយមិនប្រកាន់ពូជសាសន៍ណានោះឡើយ ដែលធ្វើលោក និងសាសនាខ្មែរអ៊ីស្លាមទាំងអស់ ស្រលាញ់លោក និងសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ាកន្លងមកនេះ៕