(ឡាវ)៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​នៃ​កម្ពុជាដឹកនាំដោយ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាព នៅវេលាម៉ោង​៩៖៤០នាទី​ព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៧នេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅក្នុងប្រទេសនេះ។

នៅអាកាសយានដ្ឋានអន្តរជាតិ គណៈប្រតិជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាផ្លូវរដ្ឋ ពីសំណាក់ភាគីឡាវ។ តាមគ្រោងបន្ទាប់ពីអញ្ជើញដល់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភ្លាម សម្តេច ហេង សំរិន និងគណៈប្រតិភូ នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ នៅមជ្ឈមណ្ឌលសន្និបាតជាតិ របស់ប្រទេសឡាវ នៅវេលាម៉ោង១០៖៣០នាទី។

ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសឡាវនាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ ឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។ សម្តេច ហេង សំរិន នឹងបំពេញទស្សនកិច្ចនៅប្រទេសឡាវពីថ្ងៃទី២១ ដល់ថ្ងៃទី២៣មិថុនា។

ក្រៅពីជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី ប្រធានរដ្ឋសភាឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលជួបសវនការ សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័ន​កំពូលៗ នៃប្រទេសឡាវជាច្រើនទៀត ក្នុងនោះមាន ជំនួបសវនការ ជាមួយលោក ថនលួន ស៊ីសូលីត (THONGLOUN SISOLITH) នាយករដ្ឋមន្រ្តីឡាវ និងលោក ប៊ុនញំាង វ៉ូរ៉ាជិត (BOUNHANG VORACHIT) ប្រធានរដ្ឋឡាវ ជាដើម។

សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៣ ខែមិថុនា បន្ទាប់មកត្រូវបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តទៀត។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសទាំងពីរនេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញតែម្តង៕