(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ តុលាការកំពូល បា​នបើកសវនាការជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំរបស់ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ប៉ុន្តែបន្ទាប់ពីបើកសវនាការ អស់រយៈពេលមួយព្រឹក តុលាការបានសម្រេចថា នឹងប្រកាសសាលដីកា នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។ នេះបើតាម លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ពាក្យប្តឹង លោក គឹម សុខ។

លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ និងបានសម្រេចផ្តន្ទាទោសតាមមាត្រា ៤៩៤, ៤៩៥ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ។

ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោក កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧ តុលាការកំពូល ក៏បានបើកសវនាការលើសំណុំរឿង​មុនអង្គសេចក្តីលើករណីសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន លោក គឹម សុខ ផងដែរ ហើយសាលដីកានៅក្នុងសំណុំរឿងនេះ ​នឹងប្រកាសសាលដីកា នៅថ្ងៃទី២៣ ខែមិថុនាខាងមុខ៕