(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ផ្សារទំនើបអ៊ីអនម៉ល បានរៀបចំកម្មវិធីហ្វឹកហាត់ការ​ពន្លត់អគ្គិភ័យលើកទី៤ ដល់បុគ្គលិកផ្សារ ពីរបៀបបង្ការ ការពារ និងគ្រោះថ្នាក់បឋមដែលកើតឡើងជាយថាហេតុណាមួយ ព្រមទាំងវិធីសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យនៅក្នុងផ្សារ និងទីកន្លែងផ្សេងៗទៀត ដែលជួបគ្រោះថ្នាក់បណ្តាល មកពីគ្រោះមួយមនេះ។ ការហ្វឹកហាត់នេះ ក៏មានការចូលរួមពីបុគ្គលិកផ្សារ និងសហការជាមួយកងកម្លាំងពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលធ្វើឡើងនៅផ្សារអ៊ីអនម៉លជាន់ផ្ទាល់ដី។

លោក សុខ ថុល​ ប្រធានសន្តិសុខផ្សារទំនើបអ៊ីអនម៉ល បានថ្លែងថា ខាងក្រុមហ៊ុនផ្សារទំនើបអ៊ីអនម៉ល បានសហការជាមួយកងកម្លាំង ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីមកបង្ហាត់បង្រៀន ពីជំនាញពន្លត់អគ្គិភ័យនេះ ហើយនេះជាលើកទី៤មកហើយ ដែលក្រុមហ៊ុនបានធ្វើឡើងនៅខែមិថុនា​ ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីបុគ្គលិកផ្សារចំនួន៣០០នាក់។

ក្រុមហ៊ុនបានរៀបចំកម្មវិធីពន្លត់អគ្គិភ័យ នេះមានសារប្រយោជន៍ខ្លាំងណាស់ ទីមួយ​ពាក់ព័ន្ធ និងសង្គមជាតិទាំងមូលតែម្តង ដោយសារតែប្រជាពបលរដ្ឋកម្ពុជាយើង ពួកគាត់មានចំណេះដឹងតិចតួចណាស់ សម្រាប់ការបង្ការ និងបង្កាប់ការពន្លត់អគ្គិភ័យនេះ ដូច្នេះការហ្វឹកហាត់ គឺធ្វើឲ្យពួកគាត់មានស្មារតីគ្រប់គ្រងស្ថានការបានល្អ ហើយគាត់អាចជួយគេបាន និងគាត់អាចទៅពន្លត់ដោយខ្លួនឯងផ្ទាល់បាន មិងថាតែនៅក្នុងផ្សារទេទោះបីនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ក៏អាចធ្វើបានផងដែរ។

លោក សុខ ថុន បានបន្តថា​ នៅក្នុងផ្សារអ៊ីអនម៉ល ប្រជាពលរដ្ឋបានដឹងស្រាប់ហើយថា ជាផ្សារស្តង់ដារជប៉ុន ដូច្នេះថ្នាក់ដឹកនាំផ្សារតែងតែគិត ពីការការពារជាមុន នូវគ្រោះមហន្តរាយ​ជាពិសេសបញ្ហាគ្រោះអគ្គិភ័យនេះតែម្តង។ ប្រជាពលរដ្ឋបានដឹងមកហើយ នៅប្រទេសរបស់យើង មានករណីគ្រោះអគ្គិភ័យកើតឡើង​ច្រើនលើកច្រើនសារ ដោយធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់​បង់ជីវិត និងថវិកាអស់ជាច្រើន ចឹងហើយថ្នាក់គ្រប់គ្រងផ្សារ បានបង្រៀនវិធានការណ៍ការពារនេះ និងហ្វឹកហាត់ដើម្បីឲ្យបុគ្គលិកទាំងអស់ មានស្មារតីភ្ញាក់រលឹក មានស្មារតីអង់អាចក្លាហាន ហើយអាចទប់ស្កាត់បានប្រសិនបើមានអគ្គិភ័យនៅក្នុងផ្សារយើង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា ដោយមានការសហការជាមួយអ្នកគ្រប់​ផ្សារទំនើបអ៊ីអនម៉ល និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ អាជីវករទាំងអស់ជាពិសេស គឺអនុសាសន៍ និងការណែនាំពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ  តែងតែដាស់តឿនដល់មន្ត្រីជំនាញទាំអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់រាល់បញ្ហាអគ្គិភ័យ ដែលបាន​កើតឡើងធ្វើយ៉ាងណា ជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ហើយឲ្យមានប្រសិទ្ធិភាពបំផុត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នេះជាគម្រូដ៏ល្អមួយសម្រាប់ផ្សារទំនើបដទៃទៀត​ សណ្ឋាគារ ខុនដូ និងកន្លែងផ្សេងៗទៀតគួតែធ្វើការ​បង្ហាត់បង្រៀនការពន្លត់អគ្គិភ័យនេះ ដល់បុគ្គលិក និងប្រជាពលរដ្ឋផងដែរ។ ដើម្បីអនុវត្តន៍នៅតាមមូលដ្ឋានទាំងអស់ដែលបានមើលឃើញ ពីសកម្មភាព​របស់អង្គភាព និងបុគ្គលិកផ្សារអ៊ីអនម៉លនេះ ហើយរាល់ម្ចាស់សហគ្រាសទាំងអស់ ឲ្យត្រូវយកចិត្តទុកដាក់លើបញ្ហាអគ្គិភ័យនេះ ដោយជួយស្វែងរកភ្នាក់ងារជំនាញ មកជួយបង្ហាត់បង្រៀនដល់បុគ្គលិក ដើម្បីយល់ពីវិធីបង្ការ និងពន្លត់អគ្គិភ័យថ្នាក់បឋមការចូលរួមទាំងអស់ គ្នាដើម្បីចៀសផុតពីគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន​៤៧ករណីហើយ ដោយបានត់បង់អាយុជីវិតប្រជាពលរដ្ឋ២នាក់ និងរបួសចំនួន១០នាក់ នៅរាជធានីភ្នំពេញ ដោយមិនទាន់បានបូកសរុប នៃការខាតបង់​ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ។ គ្រោះអគ្គិភ័យកើតឡើងបណ្តាលមកពីការធ្វេសប្រហែសរបស់ពួកគាត់ ដោយពួកគាត់ អត់ទាន់យល់ដឹងពីការប្រើប្រាស់ថាមលចរន្តអគ្គិសនី និងការ​ការប្រើប្រាស់ហ្គាសត្រូវធ្វើយ៉ាងម៉េចហើយគ្រោះអគ្គិភ័យកើតឡើងច្រើន ជាងគេមានចំនួន២ គឺកត្តាចរន្តអគ្គិសនី និងបញ្ហាធុងហ្គាស៕