(មេមត់, ត្បូងឃ្មុំ)៖ គិតត្រឹមវេលាម៉ោង៩យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ គឺមានរយៈពេល ៤០ឆ្នាំគត់ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧) ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដ៏ទុកចិត្ត ៤រូបផ្សេងទៀត រួមមានលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តដ៏សែនលំបាកភៀសខ្លួនចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកវិញនូវការរស់រៀនរបស់ប្រជាពលរដ្ឋខ្មែរ។

ដំណើរភៀសខ្លួនទាំងប្រថុយប្រថានចេញពីប្រទេស ដើម្បីស្វែងរកការគាំទ្ររំដោះប្រទេសជាតិ និងជីវិតប្រជាជនចេញពីទ្វារមច្ចុរាជក្នុងវ័យ ត្រឹម ២៥ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំង ៤រូប បានឆ្លងកាត់នូវឧបសគ្គប្រកបដោយគ្រោះជាច្រើន។ មានទីតាំងសំខាន់ៗ ចំនួន៧កន្លែង ដែលត្រូវបានគេចងក្រងឡើង ព្រមទាំងចាត់ទុកជាទីតាំងស្លាកស្នាមអនុស្សាវរីយ៍ដ៏សែនជូរចត់ក្នុងដំណើរឆ្ពោះទៅរកការផ្តួលរំលំរបប ប៉ុលពត នេះ។ ទីតាំងទាំង ៧នេះ មានពីរទីតាំងស្ថិតលើដីកម្ពុជា និង ៥ទីតាំងទៀតស្ថិតនៅលើទឹកដីវៀតណាម។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ដែលអមដោយវត្តមានរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជាផងនោះ នឹងអញ្ជើញទៅកាន់ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ដ៏ជូរចត់ទាំង ៧ទីតាំងនេះ ហើយក៏មានការថ្លែងសាររំលឹកពីភាពជូរចត់ និងព្រឹត្តិការណ៍កាលពី ៤០ឆ្នាំមុននោះផងដែរ។

ដំណើរអញ្ជើញចុះមកកាន់ទីតាំងតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរយៈពេល ៣៨ឆ្នាំនេះ ត្រូវបានគេមើលឃើញថា ជាគាស់រំលើង និងបង្ហាញនូវពលីកម្មដ៏សែនលំបាក ប្រកបដោយភាពអង់អាចរបស់សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្ត ព្រមទាំងឥស្សរជន អ្នកស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញរបបវាលពិឃាតិ និង នាំមកនូវការរស់រៀនមានជីវិតជាថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ដំណើរពិនិត្យទីតាំងតស៊ូនេះ ក៏ជាសារដាស់សតិកូនខ្មែរជំនាន់ក្រោយឲ្យបានដឹងផងដែរថា មុនពេលកម្ពុជាវិវឌ្ឍន៍មករកស្ថានភាពដូចពេល បច្ចុប្បន្នមិនមែនកើតចេញការប្រទានរបស់ទេវតា និងការប្រើសីល្បិ៍មន្តអាគមជប់ឡើងនោះឡើយ ផ្ទុយទៅវិញគឺកើតចេញពីការតស៊ូ ការលះបង់ និងការបូជាកម្លាំងកាយ បញ្ញាញៀន រួមទាំងជីវិតផងដែរ របស់ឥស្សរជនខ្មែរ អ្នកតស៊ូខ្មែរគ្រប់ស្រទាប់វណ្ណៈកាលពីសម័យមុន។

ខាងក្រោមនេះជាប្រវត្តិត្រួសៗនៃការចេញតស៊ូ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលចងក្រោយដោយក្រសួងការពារជាតិ៖

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខ គឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដី កម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា «អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតករ។

វេលាម៉ោង០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។

អ្នកទាំងអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។ សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ?

ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ ៥ខែ។ សមមិត្ត ពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកង កម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាង នៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឲ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះត្រូវរង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើល ទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់នៅក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។

ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។

វេលាម៉ោង១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឲ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផងដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង១៦៖០០នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបានគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង១៦៖៤៥នាទី។

ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។

ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។

នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមកជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះបានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវ ឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បានចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែនជាក្រុមដែល ប៉ុលពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។

ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត...៕