(សៀមរាប)៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារ ជាមួយអ្នកជំនាញការជាន់ខ្ពស់ នៃគណ:កម្មាធិការ អាយស៊ីស៊ីអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះរៀបចំឡើងមួយថ្ងៃ មុនកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២២ ខែមិថុនា ឆ្នាំ២០១៧។

គោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺសំដៅផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក នៃផលប៉ះពាល់ដែលកើតចេញពីការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ចសង្គម និងកំណើនប្រជាជននៅរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកក្នុងប្រទេសនានា និងជម្រុញតុល្យភាពរវាងការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចំណុចនេះបានក្លាយជាចំណុចស្នូល យ៉ាងសំខាន់របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាគណ:កម្មាធិការ អាយស៊ីស៊ីអង្គរ ដែរ។

កិច្ចពិភាក្សាក៏បានលើកឡើងនូវស្ថានភាព នៃការងារអភិរក្សរមណីយដ្ឋានអង្គរ លទ្ធភាពផ្សេងៗដែលបានជម្រុញភាពជោគជ័យ ជាបន្តបន្ទាប់ និងការបណ្តុះបណ្តាលធនធានមនុស្ស នាពេលអនាគត។ ទន្ទឹមនឹងនោះ ការប្រឈមមួយចំនួន ដែលជាកង្វល់ប៉ះពាល់ដល់ដំណើរការ នៃកិច្ចគាំពាររមណីយដ្ឋានអង្គរ ជាពិសេសការរីករាលដាល នៃសំណង់ខុសច្បាប់ដែលបានកើតឡើង យ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ក៏បានលើកយកមកពិភាក្សាផងដែរ។

ក្រៅពីផ្តល់អនុសាសន៍ និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកជំនាញការជាន់ខ្ពស់មួយចំនួន ដែលបានមកបំពេញការងា រនៅកម្ពុជារយៈពេលជាង២០ឆ្នាំ តាំងពីការចុះបញ្ជីអង្គរជាបេតិកភណ្ឌពិភពលោក និងជាសាក្សីរស់ បានសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌ និងការអភិវឌ្ឍរីកចម្រើន ដ៏អស្ចារ្យលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយ:ពេលកន្លងមកនេះ ជាពិសេសការដឹកនាំប្រកបដោយទស្សន:វិស័យវែងឆ្ងាយ និងបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រនិងផ្តល់លទ្ធភាព គ្រប់បែបយ៉ាងលើវិស័យវប្បធម៌និងបេតិកភណ្ឌ។

សូមបញ្ជាក់ថា អ្នកជំនាញការជាន់ខ្ពស់ទាំងនោះ មានចំនួន៦រូប ក្នុងនោះមាន៣រូប ជាអ្នកជំនាញផ្នែកខាងអភិរក្សជួសជុល និង៣រូបទៀត ជាអ្នកជំនាញខាងការងារអភិវឌ្ឍប្រកបដោយចីរភាព៕