(ភ្នំពេញ)៖ ម៉ោង២១៖០០នាទីយប់នេះ​ថ្ងៃនេះ កាលពី៤០ឆ្នាំមុន (ឆ្នាំ១៩៧៧) សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ចាប់ផ្តើមដើរកាត់ព្រៃដ៏ស្ងាត់ជ្រងំ លួចឆ្លងព្រំដែនពីកម្ពុជាចូលទឹកដីប្រទេសវៀតណាម គោលបំណងស្វែងរក​ការគាំទ្រពីកងទ័ពវៀតណាម ដើម្បីជួយរំដោះប្រទេសកម្ពុជា ចេញពីរបបវាលពិឃាតអាវខ្មៅ ប៉ុលពត។

ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្ត ៤រូបផ្សេងទៀត ក្នុងការធ្វើដំណើរឆ្ពោះ​ទៅរកការវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុននោះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចុះស្រាវជ្រាវ និងចងក្រងបានឯកសារមួយ​ ស្តីពីដំណើរតស៊ូលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តឆ្ពោះទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រវាយរំលំរបបប៉ុលពត។

កាលពីវេលាម៉ោង២១៖០០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការ​វរសេនាធំក្នុង របបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាមនុស្សជំនិតរបស់សម្តេចចំនួន ៤រូបរួមមាន លោក នុច ថន, លោក ញឹក ហួន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចដ៏សែនលំបាកភៀសខ្លួនចេញពីបន្ទាយនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរក​ការគាំទ្រពីប្រទេសវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងដំណើរឆ្ពោះទៅរក​ការស្រោចស្រង់ប្រទេសជាតិ និងជីវិតប្រជាជនកម្ពុជាពីទ្វារមច្ចុរាជនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងកាត់ឧបស័គ្គ និងគ្រោះថ្នាក់យ៉ាងច្រើន។