(ក្រចេះ)៖ ប្រជាពលរដ្ឋជាង១០ភូមិ មានចំនួនជិត២០០នាក់ រស់នៅភូមិអាលូច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាដោយយកគោយន្ដកន្រ្តៃ និងគោយន្ដកែច្នៃជាង៤០គ្រឿង ទៅបិទផ្លូវនៅខាងមុខក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចកិច្ច ដាំកៅស៊ូឈ្មោះ «ដូទឺសាយហ្គោនប៊ិញហ្វឿក» ដែលជាក្រុមហ៊ុនវៀតណាម ដោយសារតែក្រុមហ៊ុន បានបិទបារ៉ាស់ចេញចូលដោយកំណត់ម៉ោង ព្រមទាំងឲ្យប្រជាពលរដ្ឋបង្ហាញអត្តសញ្ញាណប័ណ្ណទៅពួកគេទៀតផង នៅពេលធ្វើដំណើរទៅមក។

ពលរដ្ឋដែលទៅធ្វើការតវ៉ាផ្លូវនេះ បានលើកឡើងថា មូលហេតុដែលពួកគាត់បិទផ្លូវរបស់ក្រុមហ៊ុន មកពីមកពីក្រុមហ៊ុន បិទបើកបារ៉ាស់ ដោយកំណត់ម៉ោងបើកឲ្យចូលឆ្លូងកាត់ម៉ោង៧ព្រឹក និងបិទវិញនៅម៉ោង៥ល្ងាច ហើយអ្នកយាមបារ៉ាស់ពេលខ្លះទាមទារពិនិត្យសញ្ញាណប័ណ្ណ និងទារលុយពីពួកគាត់ដឹកជន្លង់ម្រេចទៀត រ​ហូតនាំគ្នាផ្ទុះការតវ៉ាតែម្តង កាលពីថ្ងៃម្សិលមិញ ទើបនាំគ្នាបំបែកនៅវេលាថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុផលទាំងនេះពួកគាត់មិនអាចទទួលយកបាននោះទេ ព្រោះថាពួកគាត់ជាកសិករ អ្នកខ្លះស្រែ ឆ្ងាយបើក្រុមហ៊ុនកំណត់ឲ្យ បើកម៉ោង៧នោះ ទម្រាំពួកគាត់ ទៅដល់ស្រែម៉ោងជាង១០ហើយ ពេលមកវិញយប់ជ្រៅក៏មានដែរ ដូច្នេះទើបពួកគាត់ធ្វើតវ៉ារកដំណោះស្រាយ។

ពួកគាត់ថា គាត់ជាខ្មែររស់នៅស្រុកខ្មែរ គ្រាន់ទៅធ្វើស្រែចាំបាច់ដាក់អត្តសញ្ញាប័ណ្ណជាប់ខ្លួនដែរទេ និងកូនៗរបស់គាត់អាយុមិនទាន់គ្រប់ធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើមិចបានទៅជួយធ្វើស្រែចំការគាត់ទៅ បើខាងសន្តិសុខទាមទារឲ្យបង្ហាញអត្តសញ្ញាណប័ណ្ណបែបនេះ។

ចំពោះបញ្ហានេះលោក អ៊ីវ ណារុង អភិបាលរងស្រុកចិត្របុរី ដែលចូលរួមដោះស្រាយបានឲ្យដឹងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូឈ្មោះ ដូទឺសាយហ្គោនប៊ិញហ្វឿកនេះ ជារបស់អាមេរិក ដែលបានទិញបន្តពីវៀតណាម។ ចំពោះបញ្ហានេះមានការតវ៉ាចំនួន២លើកមកហើយ ដោយលើកទី១ខាងក្រុមហ៊ុនបិទផ្លូវមិនឲ្យពលរដ្ឋឆ្លងកាត់ និងលើកនេះពលរដ្ឋជាអ្នកបិទផ្លូវវិញម្ដង។

លោក អ៊ីវ ណារុង បន្តទៀតថា ក្រុមការងាររបស់លោក ព្រមតំណាងពលរដ្ឋ និងតំណាងក្រុមហ៊ុន បានធ្វើការពិភាក្សាគ្នា អស់រយៈពេលប៉ុន្មានម៉ោងមកនោះ ក៏បានត្រូវគ្នាដោយក្រុមហ៊ុនអនុញ្ញាត ឲ្យពលរដ្ឋធ្វើការស្រែចំការចេញចូល២៤ម៉ោង ដោយឡែកពលរដ្ឋដែលជាឈ្មួញរកស៊ីឆ្លងកាត់ក្រុមហ៊ុន អនុញ្ញាតឲ្យពីម៉ោង៥ព្រឹក ដល់ម៉ោង១១យប់ ហើយពលរដ្ឋ ក៏បានយល់ព្រមតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនក៏បំបែកគ្នាយកគោយន្តកន្រ្តៃទៅផ្ទះរៀងៗខ្លួនតែម្តង។

ពាក់ពន្ធ័បញ្ហាខាងលើនេះលោក សុធី ជាបុគ្គលិកបកប្រែរបស់ក្រុមហ៊ុន បានឲ្យដឹងថា ក្រោយជួបពិភាក្សារវាងប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុននោះ ក្រុមហ៊ុនបានអនុញ្ញាត ឲ្យពលរដ្ឋធ្វើស្រែចំការចេញចូល២៤ម៉ោង ដោយឡែក ពលរដ្ឋដែលរកស៊ីដឹកជន្លង់ម្រេច ក្រុមហ៊នអនុញ្ញាតឲ្យចូលចាប់ពីម៉ោង៥ទៀបភ្លឺដល់ម៉ោង១១យប់។

ចំពោះការដែលពលរដ្ឋលើកឡើងថា ក្រុមហ៊ុនត្រូវត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងយកលុយពីពួកគាត់នោះ ក្រុមហ៊ុនមិនបានអនុវត្តដូចពាក្យគាត់ឡើយ កុំចេះតែចោទផ្តេសផ្តាស។

សូមបញ្ជាក់ថា ហេតុការណ៍ពលរដ្ឋធ្វើការតវ៉ាផ្លូវនេះ បានកើតឡើងតាំងពីម៉ោង៧យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ រហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២​នាទីថ្ងៃត្រង់នេះ ទើបរំសាយដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរ៕