(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ​។ ទស្សនកិច្ចទៅប្រទេសឡាវនឹងធ្វើឡើងពីថ្ងៃទី២១ ដល់ថ្ងៃ២៣ ខែមិថុនា ចំណែកទស្សនកិច្ច នៅប្រទេសវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

​នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នឹងទទួលជួបពិភាក្សាភាគី និងជួបសវនាការសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំ​ខ្ពស់របស់ប្រទេសឡាវ រួមមាន៖

ទី១៖ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ
ទី២៖ ជួបសវនាការ និងសម្ដែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តីឡាវ
ទី៣៖ ជួបសវនាការ និងសម្ដែងការគួរសមជាមួយ លោក ប៊ុនញ៉ាំង រ៉ូរ៉ាជិត (BOUNHANG VORACHIT) ប្រធានរដ្ឋឡាវ

​ដោយឡែកទស្សនកិច្ច នៅប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នឹងមានកម្មវិធីជួបពិភាក្សាការងារទ្វេភាគី ជួបសវនាការ និងសម្ដែងការ គួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសវៀណាម និងចូលរួមកម្មវិធីសំខាន់មួយចំនួន រួមមាន៖ ទី១៖ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ង្វៀន ធី គីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម ទី២៖ ជួបសវនាការ និងសម្ដែងការគួរសមជាមួយ លោក ង្វៀន សួនហ្វ៊ុក (NGUYEN XUANPHUC) នាយករដ្ឋមន្រ្តីវៀតណាម ទី៣៖ ជួបសវនាការ និងសម្ដែងការគួរសមជាមួយ លោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) ប្រធានរដ្ឋវៀតណាម ទី៤៖ ជួបសវនាការ និងសម្ដែងការគួរសមជាមួយ លោក ង្វៀន ហ្វ៊ូជុង (NGUYEN PHU TRONG) អគ្គលេខាធិការបក្សវៀតណាម ទី៥៖ ចូលរួមប្រារព្ធខួបលើកទី៥០ នៃការបង្ដើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងទី៦៖ ចូលរួមកិច្ចប្រជុំរណសិរ្ស កម្ពុជា ឡាវ វៀតណាម។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសទាំងពីរនេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញតែម្តង៕