(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC-Angkor (International Coordination Committee for the Safeguarding and Development of Historic Site of Angkor​) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំ ICC-Angkor នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor លោក Takahisa TSUGAWA អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន និង​លោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំង។

របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍ កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក៏នឹងតាមដានសេវាកម្ម នៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និង​ការសង្ខេបឡើងវិញ នូវលទ្ធផលស្រាវជ្រាវចុងក្រោយ នៃប្រព័ន្ធបច្ចេកវិទ្យា LiDAR ជាដើម។

គណៈកម្មាធិការ ICC-Angkor​ បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។​ សមាជិកនៃ ICC​ មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។

ICC-Angkor រៀបចំកិច្ចប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំម្តង ជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀត គឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គ ផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាព នៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍ របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារ អភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕