(ភ្នំពេញ)៖ លោក ឃួង ស្រេង ​អភិបាលរងរាជធានីភ្នំពេញ ដែលព្រះមហាក្សត្រទើបចេញព្រះរាជក្រឹត្យ តែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្សនោះ នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោក ឃួង ស្រេង គ្រោងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះថា ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ដោយឡែកលោក គួច ចំរើន គ្រោងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មី ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងរូបលោកឲ្យចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខណៈដែលខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស​។

យោងតាមព្រះរាជក្រឹត្យ ​បញ្ជាក់ថា ការតែងតាំងលោក ឃួង ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕