(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសជាផ្លូវការ អនុវត្តវិន័យលុបឈ្មោះចេញមន្ដ្រីនគរបាលជាតិ ចំនួន៥៤រូប ដោយសារតែពួកគេបោះបង់ចោលការងារ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។

តាមសេចក្ដីប្រកាសដដែលនេះ មន្ដ្រីនគរបាលជាតិទាំង៥៤រូប ត្រូវបានលុបឈ្មោះចេញពីបញ្ជីបើកប្រាក់បៀវត្ស ហើយបង្វែក្របខ័ណ្ឌមករក្សាទុកនៅនាយកដ្ឋានបុគ្គលិក ដើម្បីជ្រើសរើសបំពេញជួសដល់អង្គភាព​ដែលមានតម្រូវការចាំបាច់។

មន្ដ្រីនគរបាលជាតិ៥៤រូប រូមមាន៖ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន០៤នាក់, នៅនាយកដ្ឋានការពារព្រំដែនគោកចំនួន០៦នាក់, នៅនាយកដ្ឋាននគរបាលការពារ ម្នាក់, នៅនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្ដុភារ និងហរិញ្ញវត្ថុ ម្នាក់, នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៦នាក់, នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន១០នាក់, នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០៣នាក់, នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ម្នាក់, នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ម្នាក់, នៅស្នងការដ្ឋាននគរបាលខេត្តកំពត ម្នាក់, នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ម្នាក់, នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ម្នាក់, នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ម្នាក់ និងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំម្នាក់។

សេចក្ដីប្រកាសនេះ បានបញ្ជាក់ទៀតថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានបង្វែរមករក្សាទុក នៅនាយកដ្ឋានបុគ្គលិក ចាប់ពីខែសីហា ឆ្នាំ២០១៧តទៅ៕

សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្ដីប្រកាសនៅខាងក្រោមនេះ៖