(ភ្នំពេញ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មដទៃទៀតរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពេលជួបសំណេះសំណាលការងារជាមួយលោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ (Fumio Hoshi) ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Sumitomo Mitsui Banking Corporation ដើម្បីពិភាក្សាការងារលើការវិនិយោគក្នុងវិស័យថាមពល នៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។

លោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ បាថ្លែងថា ថាមពលជាគន្លឹះមួយក្នុងការទាក់ទាញអ្នកវិនិយោគ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយមុនធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។ លោកសាស្រ្តាចារ្យបន្តថា លោកបានជួបជាមួយក្រុមហ៊ុនមួយចំនួននៅជប៉ុន ដែលបានសំដែងចំណាប់អារម្មណ៍ក្នុងការធ្វើវិនិយោគនៅកម្ពុជា ក្នុងវិស័យនេះ។

ពាក់ព័ន្ធការវិនិយោគលើវិស័យថាមពលនេះ លោកសាស្ត្រាចារ្យ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនកំពុងតែប្រឹក្សាលើ​យុទ្ធសាស្ត្រវិនិយោគមួយចំនួន ដូចជាការវិនិយោគលើរោងចក្រដែលប្រើប្រេងឥន្ធនៈជំនួសឲ្យការដុតធ្យូងថ្ម ការប្រើថាមពលព្រះអាទិត្យ (Solar) និងការកសាងស្ថានីយ៍តភ្ជាប់ការទិញថាមពលពីប្រទេសឡាវ ។ល។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា លោកគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់លោកសាស្ត្រាចារ្យ។ លើសពីនេះទៀត លោករដ្ឋមន្ត្រី បានសំណូមពរឲ្យលោកសាស្ត្រាចារ្យ បន្តជំរុញ និងលើកកំពស់លើកាលានុវត្តភាព​វិនិយោគរបស់កម្ពុជាបន្ថែមទៀត ក្នុងនាមលោកសាស្ត្រាចារ្យ ជាបុគ្គលដែលមានការគោរពក្នុងចំណោមធុរជនជប៉ុន។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុនមួយចំនួន បាននិងកំពុងវិនិយោគក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ ហើយរួមផ្សំជាមួយនឹងការលើកទឹកចិត្តពិសេសលើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុនជប៉ុននឹងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា៕