(កណ្ដាល)៖ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា គ្រាប់ប្រភេទបាញ់បុក ចំនួន១,៨០០គ្រាប់ ត្រូវបានក្រុមជំនាញរកឃើញនៅក្នុងរណ្ដៅ ដែលលាក់នៅសម័យសង្គ្រាម សម្រាប់វាយប្រយុទ្ធគ្នា នៅថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧។

អគ្គនាយក CMAC រូបនេះ បានបញ្ជាក់ថា រណ្ដៅដែលលាក់ទុកគ្រាប់ សម្រាប់ធ្វើការវាយប្រយុទ្ធគ្នានេះ ស្ថិតក្នុងភូមិព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគ្រាប់នេះទុកក្នុងផ្ទះ លុះម្ចាស់ផ្ទះត្រូវសាងសង់ផ្ទះថ្មីទើបប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ចជំនាញតែម្ដង។

លោក ហេង រតនា បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «នៅថ្ងៃទី១៩ ខែមិថុនានេះ​ ក្រុមជំនាញស៊ីម៉ាក់ បានដោះស្រាយគ្រាប់លាក់ទុកចំនួន១,៨០០គ្រាប់​ សុទ្ធតែជាប្រភេទគ្រាប់បាញ់បុក​ (Rocket Launchers) ប្រភេទ​៦០មម​, ៨១មម​, ៨២មម​ និងB40 ដែលគ្រាប់ទាំងនេះ អាចកប់លាក់ទុកក្នុងមុនការវាយប្រយុទ្ធគ្នានៅថ្ងៃទី០៥-០៦​ ខែកក្កដា​ ឆ្នាំ១៩៩៧​ នេះជារបៀបចល័ត និងលាក់ទុកគ្រាប់ និងអាវុធ​កែ្បរៗគោលដៅសមភូមិប្រយុទ្ធ!​ គ្រាប់ទាំងនេះទុកក្នុងផ្ទះ​ លុះត្រូវសាងសង់ផ្ទះ​ (ម្ចាស់ផ្ទះថី្ម)​ ភ័យខ្លាចផ្ទុះទើបរាយការណ៍មកសមត្ថកិច្ច និងក្រុមជំនាញស៊ីម៉ាក់»

លោកបានលើកឡើថាដែរថា នេះជាករណីដ៏តូចមួយ នៃភាពបែកបាក់ និងចរិកសង្គ្រាមកាប់សម្លាប់ខែ្មរ​គ្នាឯង ក្នុងសម័យទំនើបនៅកម្ពុជា៕