(ហុងកុង)៖ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា រួមជាមួយបណ្តាគោលដៅ ទេសចរណ៍សំខាន់ៗចំនួន ៥៥ប្រទេស បានពាំនាំនូវប្រតិបត្តិករ ទេសចរណ៍ ៦៥០ក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo (ITE) Hong Kong 2017 នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥-១៨ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមលោក សូ​ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី។

លោក សូ​ វិសុទ្ធី បានបន្តថា ក្នុងព្រឹត្តិការអន្តរជាតិនោះ កម្ពុជាបានត្រូវផ្តល់កិត្តិយសពីគណៈកម្មាធិការរៀបចំពិព័រណ៍ និងទស្សនាវដ្តី ទេសចរណ៍ដ៏ឈានមុខគេ U-Magazine នៅទីក្រុងហុងកុង ជ្រើសរើស និងផ្តល់ជ័យលាភី​ «ជាគោលដៅអេកូទេសចរណ៍ដ៏ល្អបំផុត (The Most Wonderful Eco-Tour)» ​ដែលបានផ្តល់នូវមោទនភាព និងការទាក់ទាញបន្ថែមទៀត ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសទេសចរហុងកុង។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ហុងកុង ជាប្រភពទីផ្សារទេសចរណ៍ដ៏សំខាន់ ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០ លើសកលលោក ចំណែកព្រឹត្តិការណ៍ ITE Hong Kong លើកទី៣១ និង ITE MICE លើកទី១២ ជាវាទិការទេសចរណ៍ដ៏ធំបំផុតនៅ ទីក្រុងហុងកុង និងប្រទេសចិន ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុនអ្នកលក់ Buyer និង Trade Visitor ប្រមាណ ១២,០០០នាក់ និងភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៩ម៉ឺននាក់។

គួរកត់សម្គាល់ថា ទីក្រុងហុងកុង ទទួលបានភ្ញៀវទេសចរចំនួន ៥៦.៧លាននាក់ ក្នុងឆ្នាំ២០១៦ និងចំណូល ២៤ពាន់លានដុល្លារ ហើយហុងកុងក៏ជាប្រភពទីផ្សារទេសចរដ៏មានសក្តានុពល ​ឈរនៅក្នុងលំដាប់ទីផ្សារធំៗទាំង១០ របស់ពិភពលោកនិងលំដាប់ទី៣ នៅអាស៊ី ព្រមជាមួយនោះ ហុងកុងក៏ជាច្រកទ្វារអន្តរជាតិដ៏សំខាន់តភ្ជាប់កម្ពុជា តាមផ្លូវអាកាសជាមួយប្រទេសចិន សហរដ្ឋអាមេរិក និង​អឺរុប។ ដោយភ្ញៀវទេសចរហុងកុង មកទស្សនាកម្ពុជានៅមានចំនួនតិចនៅឡើយ (១៦,០០០នាក់ ក្នុងឆ្នាំ២០១៦) កម្ពុជាសង្ឃឹមថា ចំនួនភ្ញៀវទេសចរហុងកុង នឹងមានការកើនឡើង តាមរយៈការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់តាមជើងហោះហើររបស់ក្រុមហ៊ុន Dragon Air,​​ Hong Kong Airline និង Hong Kong Express ហើយនៅក្នុងពេលអនាគតខាងមុខនេះ ក្រុមហ៊ុនអាកាសចរក្នុងស្រុក Cambodia Angkor Air និង JC Cambodia Airlines ក៏មានគម្រោងពង្រីកជើងហោះហើរតភ្ជាប់ពី កម្ពុជាទៅទីក្រុងហុងកុងផងដែរ។

អមដោយមន្រ្តីជំនាញ និងផ្នែកឯកជនផងនោះ លោក សូ​ វិសុទ្ធី បានជួបពិភាក្សាការងារជាមួយលោកស្រី Cathy CHU អគ្គស្នងការទេសចរណ៍ ប្រចាំតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង និងបណ្តាអ្នកជំនាញទេសចរណ៍ ធុរជន ប្រតិបិត្តករទេសចរណ៍ អ្នកសារព័ត៌មាននានា ប្រចាំទីក្រុងហុងកុង  ដោយបានជម្រាបជូនអំពីភាពសម្បូរណ៍បែប នូវសក្តានុពលទេសចរណ៍កម្ពុជា និងការរីកចម្រើនទៅមុខយ៉ាងលឿន នៃវិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពសង្គម សំដៅបន្តអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន បោះជំហានទៅមុខជាលំដាប់ ក្នុងនោះវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ ក្នុងការនាំមកនូវកំណើនសេដ្ឋកិច្ចជាតិដែលបានធ្វើឲ្យ លោកស្រីអគ្គស្នងការទេសចរណ៍ ក្រុមហ៊ុន និង​អ្នកសារព័ត៌មានហុងកុង មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើការរៀបចំដំណើរ ទស្សនកិច្ច របស់ខ្លួន មកកាន់ព្រះរាជាណចក្រកម្ពុជា។

ព្រមជាមួយគ្នានេះ ប្រតិភូក្រសួងទេសចរណ៍ ក៏បានធ្វើការផ្សព្វផ្សាយ និងអញ្ជើញភ្ញៀវសំខាន់ៗ ឲ្យមកចូលរួមពិព័រណ៍ទេសចរណ៍ កម្ពុជា Cambodia Travel Mart 2017 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសៀមរាប៕