(មណ្ឌលគិរី)៖ ច្រក​ទ្វារ​ទ្វេរ​ភា​គី​ណាំលៀ​(ហៅ​ប៉ុស្តិ៍៧) ​ក្នុង​ស្រុក​ពេជ្រ​ដា ​ខេត្តមណ្ឌលគិរី ​កំពុង​ក្លាយជា​ច្រក​ទ្វារ​នាំ​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងដែន ​ទៅ​ប្រទេស​វៀតណាម ​យ៉ាង​រលូន​គ្មាន​ការ​រំខាន ​ព្រោះ​មេៗ​ប្រចាំ​នៅ​ច្រក​ទ្វារ​នោះ ​ដូចជា ​ប្រធាន​ច្រក​ទ្វារ ​មេ​ប៉ុស្តិ៍ ​កាំកុងត្រូល ​និង​គយ​អាច​សង្ស័យ​មានការ​ជាប់ពាក់ព័ន្ធ ​ជាមួយ​ក្រុម​ឈ្មួញ​ទាំងនោះ​។ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ​អភិបាលខេត្ត​មណ្ឌលគិរី ​លោក ​ស្វាយ ​សំ​អ៊ា​ង ​បាន​បញ្ជា​ឲ្យ​មន្រ្តី​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​ជាបន្ទាន់​ផង​ដែរ​។

មន្រ្តី​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ ​បាន​ទម្លាយ​ថា ​ការ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ​ឈើ​ប្រណីត​ឆ្លងដែន​តាម​ច្រក​ទ្វារ​នេះ ​បាន​យ៉ាង​ងាយស្រួល​យ៉ាងនេះ ​ដោយសារ ​មានការ​បើក​ភ្លើង​ខៀង​ពី​លោក ​ហឿន ​សុខ​ណា ​ប្រធាន​ច្រក​ទ្វារ​ទ្វារ​ភា​គី​ណាំលៀ​(ហៅ​ប៉ុស្តិ៍៧) ​ហើយ​នៅ​ច្រក​ទ្វារ​នោះ​មាន​ដូចជា ​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ​ឈ្មោះ ​សំរិទ្ធ ​ណយ ​រួម​ជាមួយ​កាំកុងត្រូល ​និង​គយ​ប្រចាំ​ច្រក​នៅ​ទីនោះ​ក៏អាច​ជាប់ពាក់ព័ន្ធ​ផង​ដែរ ​ប៉ុន្តែ​នៅតែ​ត្រូវ​បាន​ទំនិញ​ត្រូវប៉ាន់​នេះ ​ដឹកជញ្ជូន​ឆ្លងដែន​បាន​ធូររលុង​គ្មាន​ការ​រំខាន​ឡើយ​។

ប្រភពពីមន្រ្តីនៅស្រុកពេជ្រាដា ក៏បានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងឈ្មួញដឹកជញ្ជូនច្រកខាងលើនោះក៏មានលោក គង់ ដាំ មានតួនាទីជាមេបញ្ជាការយោធា គ១ ដែលមានឈ្មួញឈ្មោះ គីម ឆុង មន្រ្តីយោធា គ១ ជាកូនចៅរបស់ខ្លួន និងឈ្មោះ តាងើយ ជាដើម។

មន្រ្តី​ទាំងនេះ​បាន​សុំ​ឲ្យ​លោក ​ឃិន ​ម៉េ​ង​ស្រេង ​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ​មេត្តា​ជួយ​ពិនិត្យមើល​កូនចៅ​ខ្លួន​ផង ​ដើម្បីកុំឲ្យ​មាន​ផ្ទុយពី​បទបញ្ជា​។ ​ជុំវិញ​ករណីនេះ ​លោក ​ស្វាយ ​សំ​អ៊ា​ង ​នៅ​រសៀល​ថ្ងៃទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​បាន​ថ្លែង​ថា ​រដ្ឋបាល​សាលាខេត្ត ​បន្ទាប់ពី​ទទួល​ដំណឹង​នេះ ​ភ្លាម​លោក​នឹង​ចាត់​ឲ្យ​មន្រ្តី​ចុះ​ ​ធ្វើការ​ស្រាវជ្រាវ ​និង​ចាត់​វិធាន​ការ​ភ្លាម​ៗ ​តាម​ជាក់ស្តែង​។

លោកអភិបាលខេត្ត ក៏បានប្រលយពាក្យបែបបង្អាប់ដល់មន្រ្តីបំរើការមួយចំនួននៅខេត្តនេះ ដែលមានការស្ពឹកស្រព័ន្ធ លោកហៅថា «មន្រ្តីមាន់សម្លរ»៕