(ភ្នំពេញ)៖ នៅទីបំផុតតំណែងបេក្ខជនភាពនាយករដ្ឋមន្រ្តី របស់គណបក្សសង្រ្គោះជាតិ​សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ ត្រូវបានទម្លាយឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ ដ៏សំខាន់មួយរូបនៅក្នុងបក្សប្រឆាំងថា សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ ឆ្នាំ២០១៨ មិនទាន់រៀបចំនៅឡើយទេ រង់ចាំសមាជបក្សជាអ្នកសម្រេច។

មន្រ្តីជាន់ខ្ពស់ថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅពេលនេះសម្រាប់តំណែងបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រឆាំង មិនទាន់មានទេ មិនដូចការលើកឡើងរបស់លោក សម រង្ស៊ី នៅក្នុងវេទិការវិទ្យុ អាស៊ីសេរីនោះឡើយ។ សមាជជ្រើសរើសបេក្ខភាពតំណែងនាយករដ្ឋមន្រ្តី នឹងត្រូវធ្វើឡើងនៅក្នុងសមាជបក្ស មុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះក៏បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន, ក៏បានសួរអំពីរឿងបេក្ខភាពនេះដែរ ហើយលោក កឹម សុខា ក៏បាននិយាយប្រាប់យ៉ាងដូច្នេះថា «នៅពេលដែលយើងធ្វើសមាជ យើងនឹងធ្វើការសម្រេចចិត្តថាអ្នកណាគេ ប៉ុន្តែឥឡូវយើងមិនទាន់សមាជទេ ហើយសមាជជាអ្នក សម្រេចចិត្តថាអ្នកណាគេជាបេក្ខភាព»

ការលើកឡើងបែបនេះរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ត្រូវបានអ្នកវិភាគដ៏ល្បាញល្បី «បក្សីចាំក្រុង» ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នេះជាការទះមួយកំផ្លៀងដល់លោក សម រង្ស៊ី ដែលបាននិយាយយ៉ាងច្បាស់នៅក្នុងវេទិការវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ថា រូបគាត់ (សមរង្ស៊ី) ជាបេក្ខភាពតែម្នាក់គត់សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ របស់គណបក្សប្រឆាំង។ ហើយការថ្លែងរបស់លោក សម រង្ស៊ី បែបនេះបង្ហាញ មិនឲ្យតម្លៃដល់គណបក្ស និងបង្ហាញពីទង្វើចង់ដណ្តើមអំណាចពីលោក កឹម សុខា ដែលជាប្រធានគណបក្សកំពុងក្តោបក្តាប់អំណាចទាំងមូលនៅក្នុងបក្ស៕