(ភ្នំពេញ)៖ ទីបំផុត ! ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម មករន្ទ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ដែលបានបន្លំជាមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)​ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋហើយ។ នេះបើតាមការបញ្ជាក់របស់ លោក លី សុផាណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការសំណុំរឿងនេះ។

លោក លី សុផាណា បានបញ្ជាក់ថា ជនសង្ស័យខាងលើ មានឈ្មោះ ស មឿនតារា ហៅ ឧត្តម ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៧៧ និងមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ។ ជននេះត្រូវបាន សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា។

លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនសង្ស័យ ស មឿនតារា ត្រូវបានសមត្ថកិច្ច អង្គភាពរបស់លោក ចាប់ខ្លួនពីខេត្តក្រចេះ បន្ទាប់ពីដើរឆបោកប្រជាពលរដ្ឋជាច្រើននាក់។ លោកបានបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានអះអាងថា ខ្លួនជាមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ហើយយកប្រាក់ពីជនរងគ្រោះមួយចំនួន ដោយសន្យាដំឡើងឋានៈ និងរត់ការរឿងក្តីនៅតុលាការជាដើម៕