(ភ្នំពេញ)៖ លោក សេង ចំរើន មន្រ្តីសាលាខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញមកច្រានចោល និងបកស្រាយឡើងវិញជុំវិញករណី លោក អ៊ិត វឺរ៉ាត់ ម្ចាស់អាហារដ្ឋាន «វីស្មាយល៍» ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលបានធ្វើការចោទប្រកាន់រូបលោកខុសពីការពិតទាំងស្រុង។

ម្ចាស់ហាង «វីស្មាយល៍» បានចោទលោក សេង ចំរើន និងបក្ខពួកបានចូលទៅផឹកស៊ី ហើយបង្ករឿងព្រួតវាយទៅលើម្ចាស់អាហារដ្ឋានខាងលើនេះ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែដោយសារការចោទប្រកាន់គ្មានការពិតនោះ មន្ត្រីសាលាខណ្ឌរូបនេះ បានឆ្លើយតបវិញថា វាមិនមែនជាការពិតនោះទេ។ លោកបានបញ្ជាក់ថា លោកក៏មិនបានដឹងពីករណីនេះនោះទេ គឺជាចោទគ្មានមូលដ្ឋានទាល់តែសោះ ពីព្រោះមុនកើតហេតុ លោកបានឲ្យគេគិតលុយ និងចេញពីហាងផុតបាត់ទៅហើយ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ថៅកែហាង «វីស្មាយល៍» ត្រូវជនដៃដល់មិនស្គាល់អត្តសញ្ញាណ វាយឡើងប៉ោងមុខ ជាំភ្នែក ព្រោះតែមាត់នៅមិនស្ងៀម។ តាមដំណើររឿង ម្ចាស់ហាងវ័យអាយុ៣៤ឆ្នាំរូបនេះ នៅលក់សុខៗ បែរដើរចូលទៅប្រកែកលេងជាមួយភ្ញៀវពី រឿងបន្តោងខ្សែរកថា ពូកែស័ក្តិសិទ្ធ ស្រាប់តែធ្វើឲ្យភ្ញៀវផ្ទុះកំហឹងដើរទៅតាមវាយរហូតប៉ោងមុខ ជាំភ្នែក នៅក្នុងបន្ទប់ទឹក។

ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ ស្រាប់តែម្ចាស់ហាងបានទៅចោទប្រកាន់លោក សេង ចំរើន ដែលបានចូលទៅផឹកស៊ីនៅក្នុងហាងទៅវិញថា ជាបក្ខពួករបស់ជនដៃដល់តែតាមការពិតគឺមិនមែននោះឡើយ៕

ទិដ្ឋភាពកើតជម្លោះ វាយម្ចាស់ហាង វីស្មាយល៍ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា កន្លងទៅ

លោក សេង ចំរើន មន្ត្រីសាលាខណ្ឌជ្រោយចង្វារ

ជនរងគ្រោះជាម្ចាស់ហាងវីស្មាយល៍