(កំពត)៖ រថយន្តក្រុងមួយគ្រឿងដែលដឹកភ្ញៀវពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរចុះពីលើភ្នំបូកគោ សង្ស័យមានអ្នករងគ្រោះច្រើននាក់ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News នៅមុននេះថា ពិតជាមានគ្រោះថ្នាក់ហ្នឹងមែន នៅចំណុចគីឡូម៉ែត្រទី១០ ផ្លូវឡើងទៅកាន់ភ្នំបូកគោ តែលោកមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ខណៈកំពុងស្រូតទៅកន្លែងកើតហេតុ។

បើតាមលោកស្នងការ នៅពេលនេះអភិបាលខេត្តកំពត ក៏បានឲ្យបញ្ជូនរថយន្តសង្គ្រោះបន្ទាន់បើក​ ទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីជួយដឹកជនរងគ្រោះ។ តាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងជាបឋមថា រថយន្តក្រុងនេះអាចក្រឡាប់ធ្លាក់ផ្លូវតែម្តង៕