(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានថ្លែងថា ការដាក់ដាក់បញ្ចូលកម្មវិធីនយោបាយឈ្នះឈ្នះ និងទិវាចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុលពត ក្នុងកម្មវិធីអប់រំ គឺជារឿងដ៏ល្អមួយសម្រាប់ប្រវត្តិសាស្រ្តខ្មែរ ហើយលោកក៏បានពិចារណា និងគ្រោងស្នើឲ្យដាក់បញ្ចូល​ទៅក្នុងកម្មវិធីអប់រំផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងដូច្នេះនៅក្នុងសន្និសីទព័ត៌មានមួយស្តីពីដំណើរ​នៃការចងក្រងនូវ​ប្រវត្តិនៃដំណើរឆ្ពោះទៅការវាយ ផ្តួលរំលំរបប ប៉ុល ពត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងយុទ្ធមិត្តរួមអាវុធ ៤នាក់ផ្សេងទៀត។

ក្នុងសន្និសីទព័ត៌មានដែលធ្វើឡើងនៅអគ្គនាយដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា «នេះជាគោលដៅរបស់ខ្ញុំផ្ទាល់។ ខ្ញុំគិតថា ត្រូវរៀបចំរឿងទាំងអស់នេះដោយរួមចំណែកនូវពុទ្ធិទាំងឡាយដាក់ជាសាធារណៈ ដាក់បញ្ចូលទៅជាកម្មវិធីសិក្សា ជាប្រវត្តិក្នុងការរៀនដូចយើងរៀនពីប្រវត្តិរបស់ស្តេចអង្គមុនៗ។ ខ្ញុំពិតជាគាំទ្រនូវគំនិតនេះ នេះជាគោលបំណងមួយ ហើយបំណងមួយទៀត គឺការដាក់គោលនយោបាយឈ្នះឈ្នះក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ឬ ក៏ក្នុងផ្នែកផ្សេងៗទៀតដែរ ដើម្បីឲ្យដឹងថា តើនយោបាយឈ្នះឈ្នះមានបែបផែនបែបណា និងធ្វើយ៉ាងណា?»

នយោបាយឈ្នះឈ្នះ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវការបង្រួបបង្រួមជាតិ ដោយនាំកងទ័ពខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយបិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសន្តិភាពទាំងស្រុងជូនប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ ចំណែកឯទិវាចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត គឺជាការរំលឹកដល់ការលះបង់របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរ ព្រមទាំងអ្នកតស៊ូខ្មែរជាច្រើនទៀត ឈានវាយផ្តួលរំលំរបបប៉ុលពត។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចាត់ទុកនយោបាយឈ្នះឈ្នះ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅបិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសុខសន្តិភាព ក៏ដូចជាការវាយផ្តួលរំលំរបប ប៉ុល ពត គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលត្រូវតែទទួលស្គាល់ និងត្រូវចងចាំ។

លោក សុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលខ្ញុំនៅតែអះអាង ហើយជឿជាក់ទៅលើកត្តាសច្ចភាពនៃប្រវត្តិសាស្រ្ត​ដែលមាននេះ។ ខ្ញុំជឿថា អាចផ្តល់នូវសុទិដ្ឋិនិយមផ្តល់នូវអត្តសញ្ញាណខ្លះទៀត សម្រាប់ប្រវត្តិសាស្រ្តជាតិយើង​ឲ្យបានច្បាស់ថា ដើមកំណើតពិតប្រាកដចេញមកពីណា ហើយមានអ្វីជាសាក្សីជាក់ស្តែងនៅមានអ្វីជាតឹកតាំងជាក់ស្តែង ជាកត្តាផ្តល់ឲ្យអ្នកជំនាន់ក្រោយមានគុណធម៌នយោបាយ ប្រកប ដោយវិចារណញៀននៅក្នុងភាពច្បាស់លាស់ ជាក្រមសីលធម៌សម្រាប់ការរស់នៅ។ ខ្ញុំសង្ឃឹមថា វានឹងរួមចំពេញយ៉ាងធំធេងណាស់បំពេញឲ្យប្រវត្តិសាស្រ្ត ដែលយើងមានការខ្វះចន្លោះ»

លោកបណ្ឌិត សុខ ទូច ដែលជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តមួយរូបនៅកម្ពុជា បានថ្លែងគាំទ្រយ៉ាងពេញទំហឹង​ចំពោះបំណងដាក់បញ្ចូលនូវអ្វីដែលជាប្រវត្តិសាស្រ្តរបស់ខ្មែរទៅក្នុងកម្មវិធីអប់រំ ដើម្បីឲ្យកូនខ្មែរបានជ្រាបច្បាស់បញ្ចប់​ការខ្វែងគំនិតគ្នានាំទៅដល់ការបែកបាក់។ លោកបន្តថា អ្វីដែលជាប្រវត្តិសាស្រ្តត្រូវតែឲ្យដឹង ដើម្បីបញ្ចៀសការលាបព័ណ៌គ្នាទៅវិញទៅមក។

អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរូបនេះ បានថ្លែងដូច្នេះ «រឿងល្អបំផុត! កាលណាយើងអត់ដឹងពីប្រវត្តិសាស្រ្តខ្លួនឯង ឲ្យតែនរណានិយាយពីខាងណាមកចាប់ផ្តើមលាបព័ណ៌គ្នាឯងអានេះអ៊ីចេះអានេះអ៊ីចុះ ដោយសារអី? ដោយសារយើងអត់ដឹងប្រវត្តិសាស្រ្តខ្លួនឯង។ យើងអត់ស្គាល់ពីដើមកំណើតរបស់ខ្លួនចេញពីត្រង់ណាមក ហើយយើងចាប់ផ្តើមពីត្រង់ណា ហើយឈ្នោះគ្នាឯង។ អាហ្នឹងហើយតម្រូវឲ្យកម្ពុជា មិនត្រឹមតែរៀនប្រវត្តិសាស្រ្តហ្នឹងទេ តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ គួរណាស់តែរៀនប្រវត្តិសាស្ត្រខ្មែរឲ្យស៊ីជម្រៅចេញពីសម័យបុរាណ មកពាក់កណ្តាលសម័យ មកសម័យទំនើប។ អ៊ីចឹងត្រូវរៀនទាំងអស់រៀនឲ្យលំអិត មិនមែនរៀនតែប្រវត្តិសាស្រ្តហ្នឹងមួយទេ»