(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា គណបក្សយុវជនកម្ពុជា នឹងដាក់ពាក្យប្តឹង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ទៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ ដោយសារតែប្រធានគណបក្សប្រឆាំង បានប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើង គណបក្សនយោបាយ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកចន្ទនេះថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ទី១៖ គាត់បានចាត់ទុកសន្លឹកឆ្នោតរបស់បក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ឋិរបស់ ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់។ ទី២៖ គាត់បញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយ ដោយគាត់បាននិយាយថាស្រុកខ្មែរ គឺមានបក្សតែពីរ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសមានតែ គណបក្សសង្រ្គោះជាតិតែម្តង ស្របពេលមានគណបក្ស១០ទៀត ដែលគេមានសិទ្ធិ ធ្វើនយោបាយ ដូចបក្សសង្រ្គោះជាតិដែរ។ ទី៣៖ គាត់បានរំលោភច្បាប់រដ្ឋធ្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដែលធានាឱ្យមាន ភាពស្មើគ្នា របស់គណបក្សនយោបាយនីមួយៗ និងទី៥៖ គាត់ប្រើសារនយោបាយ ដែលបានប៉ះពាល់ដល់សកម្មភាពបក្សនយោបាយផ្សេងៗ មានជាអាទិ៍ ដូចជាបក្សយុវជនកម្ពុជា ផងដែរ ដែលមានការរើសអើងពីប្រជាពលរដ្ឋ»

ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ និង លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បាននៅឡើយទេ នៅព្រឹកថ្ងៃចន្ទនេះ៕