(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងសង្កាត់ពងទឹក ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើង សម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេងឯណោះ សម្រាប់ការបោះឆ្នោតលើកនេះ។

សូមបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោ លទ្ធផលបឋមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅពេលនេះ បានបង្ហាញថា សង្កាត់ទាំង១៣ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់រហូតដល់១១សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជា ចៅសង្កាត់ត្រឹមតែ ២សង្កាត់ប៉ុណ្ណោះ គឺសង្កាត់ដង្កោ និងសង្កាត់ព្រៃសរ។

ជាមួយលទ្ធផលបែបនេះ លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត១ម៉ឺន សម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។

ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់និង​បញ្ហានានា របស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកអភិបាលក៏បានពិនិត្យមើលការស្ថាបនាផ្លូវបេតុងក្នុងភូមិពងទឹក និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មី សម្រាប់ឆ្នាំ២០១៨ផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន៕