(ភ្នំពេញ)៖ ការលុបបំបាត់ទម្រង់ នៃការប្រើប្រាស់ពលកម្មកុមារ ជាកត្តាមួយចាំបាច់បំផុតដែលកម្ពុជាកំពុងបន្ដទប់ស្កាត់ ដើម្បីកុំឲ្យមានការរីកដុលដាល់កាន់តែខ្លាំងឡើងៗ ហេតុដូច្នេះហើយ បានជានៅលើពិភពលោកតែងតែប្រារព្ធទិវាពិភពលោក ​ប្រឆាំងពលកម្មកុមារ១២ មិថុនា ដើម្បីប្រឆាំទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មលើកុមារ។

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ បានរៀបចំប្រារព្ធខួបលើកទី១៦ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សប្រមាណជាង៣០០នាក់ផងដែរ។

លោក ជួន វុឌ្ឍី បានថ្លែងឲ្យដឹងថា ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ គឺជាផ្នែកមួយដ៏សំខាន់ដែលកម្ពុជា មានភារកិច្ចអនុវត្តអនុសញ្ញាស្ដីពី សិទ្ធិកុមារអនុសញ្ញាលេខ១៣៨ ស្ដីពី ការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ អនុសញ្ញាលេខ១៨២ ស្ដីពីការហាមប្រាម និងសកម្មភាពបន្ទាន់ សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត​នៃ​ពលកម្មកុមារ។

លោកបានបន្ដទៀតថា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា នេះគឺជាទិវាដែលប្រទេសនានា​លើពិភពលោក​ជាពិសេស​ប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រារព្ធឡើងដើម្បីលើកម្ពស់ការយល់ដឹង និងបង្កើនការប្រយុទ្ធប្រឆាំងនឹងទម្រង់ធ្ងន់ ធ្ងរបំផុតនៃពលកម្មកុមារ។

ជាការពិតណាស់កុមារ គឺជាទំពាំងស្នងឬស្សី និងជាសសរពេជ្រអនាគតដើម្បីអភិវឌ្ឍសង្គមជាតិដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការអប់រំរបស់កុមារដូចជាការ ចុះឈ្មោះចូលរៀនបឋមសិក្សាដោយឥតគិតថ្លៃ ជាពិសេសបច្ចុប្បន្នកម្ពុជា បានធ្វើឲ្យស្ថានភាពសិទ្ធិកុមារកាន់តែមានភាពល្អប្រសើរជាលំដាប់ដូចជា ចលនាយុវជនកាកបាទក្រហមកម្ពុជា កាយរិទ្ធិកម្ពុជា ក្លឹបកុមារតាមសាលារៀនបណ្ដាញកុមារអ្នកតស៊ូមតិ ចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ ដែលពួកគេក្លាយជាចលនាយុវជន ឬកុមារឈានមុខ​ក្នុងការ​កសាងនិងអភិវឌ្ឍសង្គម។

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវឱកាសដល់កុមារក្នុងការអនុវត្តន៍សិទ្ធិរបស់ពួកគេក្នុងការចូលរួម ក្នុងវេទិការផ្សេងៗ​គ្រប់កម្រិតទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្ដរជាតិ។

លោកបានបញ្ជាក់ទៀតថា ការជំរុញឲ្យកុមារ បានចូលរួមក្នុងសកម្មភាពនានាមានន័យថាជាការដោះស្រាយបញ្ហារបស់ពួកគេ
កាន់តែ​មានប្រសិទ្ធភាពខ្ពស់ព្រោះមានតែកុមារទេដែលដឹងពីស្ថានភាពតម្រូវការ និងបញ្ហារបស់ពួកគេច្បាប់លាស់។

ជាមួយគ្នានោះដែរលោកក៏បានពាំនាំនូវសំភារៈសិក្សារួមមាន ប៊ិច សៀវភៅ ខ្មៅដៃ រួមទាំងថវិការបន្ដិចបន្ដួចផ្ដល់ជូនទៅដល់សិស្សា នុសិស្ស និងបានផ្ដាំផ្ញើរដល់ប្អូនៗទាំងអស់ បន្ដខិតខំរៀនសូត្រ និងជៀសវាងឲ្យ​ផុតពីគ្រឿងញៀនដើម្បីអនាគតល្អប្រសើរ និងដើម្បីក្លាយទៅជាទំពាំងស្នងឬស្សីល្អសម្រាប់ប្រទេសជាតិ៕