(ភ្នំពេញ)៖ លោកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការងារផ្ទះ (ACDW) បានស្នើឲ្យមានការផ្សព្វផ្សាយឲ្យ បានទូលំទូលាយ ទៅដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យគាត់បានយល់ពីទុក្ខលំបាករបស់កម្មករធ្វើការនៅតាមផ្ទះ និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ងាកមកគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករបម្រើការងារនៅផ្ទះ ឲ្យទទួលបានសិទ្ធិ និងមានច្បាប់ត្រឹមត្រូវ ដូចទៅនឹងកម្មកររោងចក្រកាត់ដេរផងដែរ។

ការលើកឡើងរបស់លោកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការងារ បានធ្វើឡើងនៅក្នុង ទិវាកម្មករការងារផ្ទះ អន្តរជាតិខួបលើកទី០៦ ក្រោមប្រធានបទ «មធ្យោបាយឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករការងារផ្ទះ» រៀបចំធ្វើនាថ្ងៃទី១៨ ខែមិថុនា​ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ទិវាដែលរៀបចំខាងលើនេះ គឺមានការសហការគ្នាពីលោកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការងារផ្ទះ (ACDW) និងលោកស្រី វុន សម្ពស្ស ប្រធានបណ្តាញកម្មករធ្វើការ តាមផ្ទះនៅកម្ពុជា (CDWN) និងដៃគូសហការជាច្រើនទៀត។

លោកស្រី ស្រអែប ផល្លា ជាប្រធានក្រុមបណ្តាញកម្មករធ្វើការ តាមផ្ទះនៅកម្ពុជា បានរៀបរាប់ឲ្យដឹងថា កម្មករធ្វើការតាមផ្ទះគឺជួបការលំបាកច្រើនណាស់ ជាពិសេសគឺការប្រើធ្វើការលើសម៉ោងកំណត់ គ្មានថ្ងៃឈប់សំរាកនិងទទួលបានប្រាក់ខែទាប។

គិតមកដល់ពេលនេះលោកស្រី ផល្លា មានអាយុ៤៧ឆ្នាំហើយ តែលោកស្រីនៅតែបម្រើការងារនៅតាមផ្ទះដដែល ដោយសារតែគ្មានជម្រើស។ លោកស្រីបន្តថា ការងារបម្រើការនៅតាមផ្ទះ មិនថោកទាបនោះទេ តែលោកស្រី ផល្លា ចង់ឲ្យមនុស្សគ្រប់រូបឲ្យតម្លៃលើកម្មករបម្រើការងារតាមផ្ទះដូចកម្មកររោងចក្រផង កុំឲ្យរើសអើង និងមើលងាយ មិន ឲ្យតម្លៃភាពជាមនុស្ស។

យ៉ាងណាក៏ដោយ លោកស្រី ស្រអែប ផល្លា តំណាងឲ្យកម្មករបម្រើការងារនៅតាមផ្ទះ ក៏សុំអំពាវនាវឲ្យ រាជរដ្ឋាភិបាល ចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពួកគាត់ផង ហើយស្នើឲ្យមានការតម្លៃប្រាក់ខែ ដូចកម្មកររោងចក្រទោះ ច្រើនក្តីតិចក្តី ក៏ពួកគាត់ទទួលយកដែរ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ការយកចិត្តទុកដាក់លើកម្មករបម្រើការងារនៅតាមផ្ទះ ហាក់នៅមានកម្រិត នៅឡើយ។ ជាការកត់សំគាល់ឃើញថា មានតែសមាគម និងអង្គការមួយចំនួនតូចប៉ុណ្ណោះ បានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ផ្តល់ការប្រឹក្សាដល់ ក្រុមកម្មករបម្រើការងារនៅតាមផ្ទះក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងដូចជា សមាគម អ្នកធ្វើការងារផ្ទះ បានបង្កើតឡើង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ និងមានសមាជិក ដែលភាគច្រើន ជាស្រ្តីបម្រើការងារនៅតាមផ្ទះ មានចំនួន៤៩០នាក់ ក្នុងនោះ មានបុរសតែ១០នាក់ប៉ុណ្ណោះ។ សមាគមនេះ បានបង្កើតឡើងដើម្បីសម្រូល ដល់ពួកគាត់ ឲ្យយល់ដឹងពីច្បាប់ការងារ ទាក់ទងនឹងសុខភាពការងារ ច្បាប់ការងារជាដើម។ សមាគមនេះ បានចូលរួម ជួយដល់កម្មករបម្រើការងារនៅតាមផ្ទះ នៅពេលដែលពួកគាត់ បាត់បង់ការងារ សមាគមបានជួយស្វែងរការងារជូនពួកគាត់ និងមានបញ្ហាសុខភាពផ្សេងៗ មានការប្រឹក្សា និងជួយ ផ្តល់ការព្យាបាល​ និងជួយសម្រូលដោះស្រាយបញ្ហាការងារ ដូចជាពេលថៅកែធ្វើបាប រំលោភ លើម៉ោងការងារ និង បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ។

បើតាមការស្រាវជ្រាវរបស់លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានឲ្យដឹងថា លោកបានជួបកម្មករធ្វើការងារផ្ទះចំនួន ៦០០នាក់ ដោយបានវិភាគទិន្នន័យ ហើយរកឃើញថា ៩២% ជាស្រ្តីដែលធ្វើការងារជាស្រ្តីមេផ្ទះ ក្នុងនោះ ៣៩%មានអាយុលើសពី ៤០ឆ្នាំ និងមានថៅកែជាជនជាតិបរទេសចំនួន ៦៥%។

លោក ច័ន្ទ សុផល បានបន្តថា កម្មករធ្វើការងារតាមផ្ទះមួយចំនួនបានត្អូញត្អែរពីការបង្ខំឲ្យមានធ្វើ ការបន្ថែមម៉ោង លើសពីម៉ោងការងាររបស់គាត់ ប៉ុន្ដែមួយចំនួនទៀតស្នើឲ្យមានការធ្វើការបន្ថែមម៉ោង ហើយក្នុងករណីនេះ មាន ៧២% ទទួលបានប្រាក់បន្ថែមម៉ោង ហើយ១៨% មិនទទួលបានប្រាក់ថែមម៉ោងទេ។ ៨៣% បានឈប់នៅ ថ្ងៃបុណ្យជាតិ ប៉ុន្ដែ១៧% ឆ្លើយថាមិនបានឈប់ទេ គឺត្រូវធ្វើការរហូត៕