(ភ្នំពេញ)៖ លោក កឹម​ សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ កន្លងទៅនេះ គណបក្សប្រឆាំងទទួលបានបរាជ័យ ហើយបានលើកឡើងថាលទ្ធផលនេះបានធ្វើឱ្យអ្នកគាំទ្រដែលរំពឹងថា នឹងបានផ្លាស់ប្តូរចាប់ផ្តើមបាក់ទឹកចិត្ត និងអស់កម្លាំង ទើបលោកចុះជួបសកម្មជនតាមបណ្តាខេត្តកន្លងមក គឺដើម្បីពង្រឹងស្មារតី។

ការអះអាងខាងលើនេះ បានធ្វើឡើងនាគ្រាដែល លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយឱ្យកាសែតភ្នំពេញប៉ុស្តិ៍ កាលពីព្រលប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញសារព័ត៌មាន Fresh News ពាក់ព័ន្ធនឹងការបង្ហោះ ចោទប្រកាន់របស់ លោក សម រង្ស៊ី ជុំវិញសារបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ របស់សម្តេចតេជោ ហ៊ុន សែន។

តាមរយៈកិច្ចសម្ភាសន៍នោះ, លោក កឹម សុខា បានបញ្ជាក់ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា​ គឺ​មិន​ទាន់​ល្អ​នៅ​ឡើយ​សម្រាប់​គណ បក្សប្រឆាំង​ ដូច​ដែល​លោក​បាន​សង្ឃឹម​នោះ​ទេ ហើយ​ថា​លោក​បាន​ចំណាយ​ពេល​ពី​សប្តាហ៍​មុន ​ធ្វើ​ដំណើរ​ទៅ​ជនបទ​ដើម្បី​ជំរុញ​ស្មារតី​នេះ​ឡើង​។ លោក កឹម សុខា បាន​កំណត់​៦០​ភាគរយ​នៃ​សំឡេង​ឆ្នោតជាតិ​ថា ​ជា​គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែលទ្ធផល​បឋម​បង្ហាញ​ថា ​ខ្លួន​ឈ្នះ​តែ​ប្រមាណ៤៤​ភាគរយ​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៥១​ភាគរយ​។

លោក កឹម សុខា បាន​ថ្លែងយ៉ាងដូច្នេះថា​៖ «​ភ្លាមៗ​បន្ទាប់ពី​ការ​បោះឆ្នោត គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ថា​ខ្លួន​បាន​ឈ្នះ​ និង​អះអាង​ថា ​យើង​បាន​ចាញ់ និង​ធ្វើ​ឲ្យ​យើង​ខូចចិត្ត ដូច្នេះ​ទិសដៅ​ធំ​នៃ​ដំណើរ​ទាំង​នេះ​គឺ​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ថា​យើង​មិន​ចាញ់​ទេ​ ហើយ​ពន្យល់​ថា​ការ​ដណ្តើម​សំឡេង​ធំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​សំខាន់​។ ​យើង​ឈ្នះនិង​កំពុង​ឆ្ពោះ​ទៅ​មុខ ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​។ ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ខិតខំ​ធ្វើការ​ដើម្បី​បោះឆ្នោត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ប៉ុន្តែ​សម្រាប់​ឥឡូវ​នេះ​យើង​មិន​អាច​សម្រេច​ការ​ផ្លាស់ប្តូរ​បាន ដូច្នេះ​ពួកគេ​អស់​កម្លាំង យើង​មិន​ចង់​ឲ្យ​ពួកគេ​អស់​កម្លាំង​»​។

ទោះបីយ៉ាងណានៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខនេះ បញ្ហាក្តៅមួយមិនត្រូវបានលោក កឹម សុខា លើកឡើងនោះទេ នោះតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សសង្រ្គោះជាតិ សម្រាប់ឆ្នាំ២០១៨ ថា តើលោក កឹម សុខា ឬ លោក សម រង្ស៊ី ?

សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជាង ១១៦០ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិទទួលបាន ៤៨០ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ១ឃុំ។ សម្រាប់លទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។ ចំណែកគណបក្សសង្រ្គោះជាតិ ត្រូវបានវិភាគថា បានបាត់បង់សំឡេងមួយភាគធំ បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ដូចគ្នា៕