(ទីក្រុងឡុងដ៍)៖ ហេតុការណ៍ឆេះអគារ Grenfell Tower ដ៏រន្ធត់បានកើតមានឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ បណ្តាលឱ្យមនុស្សយ៉ាង ហោចណាស់ ៥៨នាក់ស្លាប់ តែតួលេខនេះត្រូវបានគេរំពឹងថាអាចនឹងកើនឡើងរហូតដល់ជាង១០០នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ឆេះអគារខាងលើ៖

* ទីតាំង៖ សង្កាត់ North Kensington ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស
* កាលបរិច្ឆេទសំខាន់ៗ៖ ចាប់ផ្តើមសាងសង់ ឆ្នាំ១៩៧២ បញ្ចប់ការសាងសង់ ឆ្នាំ១៩៧៤ ជួសជុលឡើងវិញឆ្នាំ២០១៦ ឆាបឆេះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧
* តម្លៃជួសជុលឡើងវិញ៖ ៨.៧លានដុល្លារ
* ទម្រង់អគារ៖ កម្ពស់៦៧.៣០ម៉ែត្រ មាន២៤ជាន់ និង១២០បន្ទប់
* ម្ចាស់អគារ៖ អង្គការ Kensington and Chelsea Tenant Management Organisation

* ហេតុការណ៍នៃការឆាបឆេះ៖
អគ្គិភ័យចាប់ផ្តើមឆាបឆេះយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ដោយផ្តើមចេញពីអគារជាន់ទី៤។ ប្រជាពលរដ្ឋមួយចំនួន ចាប់ផ្តើមជម្លៀសខ្លួនចេញពីអគារភ្លាមៗ។ ដោយសារពេលនោះស្ថិតក្នុងអំឡុងនៃពិធីបុណ្យម៉ារ៉ាដន ដែលប្រជាពលរដ្ឋមូស្លីមភាគច្រើនក្រោកពីងងឹត មុនព្រះអាទិត្យរះដើម្បីរៀបចំកម្មវិធី ដែលអាចឲ្យពួកគេដឹង ព្រមទាំងបានផ្តល់សញ្ញាអាសន្នដល់អ្នកជិតខាង និងរត់គេចខ្លួនបានខ្លះ។

ក្រុមអ្នកពន្លត់អគ្គីភ័យ២៥០នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន៤៥គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីពន្លត់ភ្លើង និងសង្គ្រោះមនុស្ស ប៉ុន្តែពួកគេមិន អាចជួយសង្គ្រោះជនរងគ្រោះបានច្រើន ដោយសារអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ កម្លាំងពន្លត់អគ្គីភ័យប្រចាំទីក្រុងឡុងដ៍ បានប្រកាសថា ពួកគេ បានចូលទៅកាន់គ្រប់ទាំង២៤ជាន់ តែជួយសង្គ្រោះមនុស្សបានតែ៦៥នាក់។

* ជនរងគ្រោះ៖
តាមប្រភពព័ត៌មានបានបង្ហាញការជឿជាក់ថា មានមនុស្សប្រមាណ៦០០នាក់ កំពុងស្នាក់នៅក្នុងបន្ទប់ ខណៈដែលអគារនេះកំពុងឆាបឆេះ។ ក្នុងនោះមនុស្ស ចំនួន៦៥នាក់ត្រូវបានជួយសង្គ្រោះ ដោយឡែកមនុស្សចំនួន៧៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួនប្រាំ កន្លែងជុំវិញទីក្រុងឡុងដ៍ ចំណែកមនុស្ស១៧នាក់ផ្សេងទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

យោងតាមភ្នាក់ងារសារព័ត៌មាន BBC បានឱ្យដឹងថា មនុស្ស៧៦នាក់បានបាត់ខ្លួន សង្ស័យថាបានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃកើតហេតុមន្ត្រីប៉ូលីសបានរាយការណ៍ឱ្យដឹងថា ជនរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាប់ពីឈ្លក់ផ្សែង។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ ប៉ូលិសបង្ហាញភាពអស់សង្ឃឹមថា គ្មានមនុស្សណាម្នាក់អាចនៅរស់រានមានជីវិតឡើយ។ ចំនួនអ្នកស្លាប់សរុបត្រូវបានគេជឿជាក់អាចនឹងច្រើនជាង១០០នាក់។ ភ្លាមៗនេះផងដែរប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ ត្រូវបានជម្លៀសចេញដោយបារម្ភខ្លាចករណីបាក់អគារ។

* មូលហេតុ៖
រហូតមកទល់ពេលនេះ មូលហេតុនៃការឆាបឆេះអគារនៅមិនទាន់ដឹងច្បាស់នៅឡើយ។ សារព័ត៌មានខ្លះ បានលើកឡើងថា វាអាចផ្តើមចេញពីការ ឆាបឆេះទូទឹកកក។ អ្នកដែលរស់នៅជាន់ទីបួនបានប្រាប់សារព័ត៌មានថា ទូទឹកកកអ្នកជិតខាងរបស់ខ្លួនម្នាក់បានឆាបឆេះនៅវេលាម៉ោង១ និង០០នាទីព្រឹក ហេតុនេះពួកគេបានគោះទ្វាដើម្បីផ្តល់ដំណឹងដល់មនុស្សផ្សេងៗទៀត។

ក្នុងរយៈពេលត្រឹមកន្លះម៉ោងអគារទាំងមូលត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង។ ដោយល្បឿននៃការឆាបឆេះអគារនេះហាក់ឆាប់រហ័សពេក ត្រូវបានគេជឿថា បណ្តាលមកពីការបំពាក់ cladding នៅផ្ទៃខាងក្នុងនៃអគារ ដែលប្រើប្រាស់សម្រាប់ធ្វើឱ្យអគារកាន់តែរឹងមាំ ការពារជម្រាបទឹក និងខ្យល់ ឬធ្វើឱ្យអគារកាន់តែមានភាពទាក់ទាញ ផ្ទុយទៅវិញវាបានផ្តល់នូវផលអាក្រក់ដែលមនុស្សនឹកស្មានមិនដល់។

លោក Sadig Khan ចៅហ្វាយក្រុងឡុងដ៍ បានធ្វើការរិះគន់ទៅលើប្រព័ន្ធរក្សាសន្តិសុខ ដែលមិនបានជួយរក្សាសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកស្នាក់នៅ ជាក់ស្តែងជនរងគ្រោះត្រូវរង់ចាំក្នុងអគាររហូតទាល់តែភ្នាក់ងារពន្លត់អគ្គីភ័យមកជួយទើបមានសង្ឃឹមរស់។

* ការស៊ើបអង្កេត៖

មន្ត្រីក្នុងតំបន់បានប្តេជ្ញាក្នុងការធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទៅលើគ្រោះអគ្គីភ័យនេះ។ ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចេញបញ្ជាធ្វើការស៊ើបអង្កេតយ៉ាងពេញទំហឹងទៅលើបញ្ហានេះដោយបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវការចម្លើយ ដើម្បីដឹងថាហេតុអ្វីបានជាអណ្តាត ភ្លើងឆាបឆេះ ហើយហេតុអ្វីបានជាវាឆេះឆាប់រហ័សបែបនេះ។

លោកស្រី Sophie Khan អ្នកឯកទេសខាងច្បាប់ម្នាក់បានប្រាប់សារព័ត៌មាន BBC ថាការស៊ើបអង្កេតនឹងទទួលបានលទ្ធផលប្រសើរ ដោយខណៈនេះគេបានអនុញ្ញាតឱ្យសមាជិកគ្រួសារដែលរស់នៅទីនោះចូលរួម និងផ្តល់ចម្លើយ។

* ប្រតិកម្មប្រជាពលរដ្ឋ៖

បន្ទាប់ពីសោកនាដកម្មនេះ បាតុកម្មបានផ្ទុះឡើងក្នុងទីក្រុង ឡុងដ៍ ដោយប្រជាពលរដ្ឋបានទាមទារការឧបត្ថម្ភ បន្ទាប់ពីរងផលប៉ះពាល់ដោយសារគ្រោះ អគ្គិភ័យនៅខុនដូ Grenfell Tower។ ប្រជាពលរដ្ឋប្រមាណ៥០ទៅ៦០នាក់ បានផ្ទុះបាតុកម្មនៅសាល Kensington and Chelsea ដោយលើកឡើងថា ជនរងគ្រោះគ្មានលំនៅដ្ឋានស្នាក់នៅ ហេតុនេះត្រូវការជំនួយជាបន្ទាន់។ ការប្រមូលផ្តុំនេះត្រូវបានធ្វើឡើងនៅទីតាំងដែលលោកស្រី Theresa May កំពុងជួបជាមួយជនរងគ្រោះ ដែលនៅរស់រានមានជីវិត ពីហេតុការណ៍នេះ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា