(ភ្នំពេញ)៖ ថ្លែងចេញពីមូលដ្ឋាននៅខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថា មន្រ្តីបក្សប្រឆាំងនៅតាមមូលដ្ឋានថ្នាក់ក្រោមនៅតែបន្តយក ប្រធានបទជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះប្រធានបទ «ធានាសងលុយជំពាក់ ឬលុបបំណុល ជាមួយស្ថាប័នមីក្រូហិញវត្ថុ» ដែលចំណុចនេះ ត្រូវបានលោក ថោង​ ខុន ហៅថា ជាប្រធានបទ ដែលមានចរិត មើលងាយរាស្ត្រ បោកប្រាសរាស្ត្រដ៏ពិសពុលបំផុត ហើយអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ចុះដល់ផ្ទះប្រជាពលរដ្ឋពន្យល់លើបញ្ហានេះ។

លោករដ្ឋមន្រ្តី ថោង​ ខុន ដែលតែងតែឧស្សាហ៍ចុះទៅកាន់មូលដ្ឋានរបស់លោក នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃចុងសប្តាហ៍ ហើយនៅសង្កេតឃើញថា មន្រ្តីបក្សប្រឆាំងនៅតែបន្តប្រើការឃោសនាបែបនេះ, លោកបានបង្ហាញពីចំណាប់អារម្មណ៍នៅលើ Facebook ផ្លូវការរបស់លោកនៅថ្ងៃអាទិត្យនេះថា «ស្ថាប័នមីក្រូហិរញវត្ថុ គួរតែត្រូវចេញមុខបកស្រាយពន្យល់ប្រជាពលរដ្ឋះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ច្រើនលើករួចមកហើយ បក្សប្រឆាំងតែងយក ប្រធានបទជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះប្រធានបទ «ធានាសងលុយជំពាក់ ឬលុបបំណុល ជាមួយស្ថាប័នមីក្រូហិញវត្ថុ» គីជាប្រធានបទដែលមានចរិតមើលងាយរាស្ត្រ បោកប្រាសរាស្ត្រ ដ៏ពិសពុលបំផុត។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា៖ «ករណីនេះខ្ញុំយល់ឃើញថា គួរតែស្ថាបន័មីក្រូហិរញវត្តុឡើងបកស្រាយខ្លួនឯងផ្ទាល់ជាមួយ ប្រជារាស្ត្រតែម្តង តើអាចលុប បំណុលបាននៅពេលគណបក្សណាមួយឈ្នះឆ្នាត ដូចពួកគេបោកប្រាស់បានឬអត់? ដើម្បីបញ្ចប់បញ្ហា។ នៅគ្រប់ស្រុកសុទ្ធតែមានបណ្តាញ មីក្រូហិរញវត្ថុស្រាប់ គួរតែខិតខំពន្យល់ប្រជារាស្ត្រឲ្យបានច្បាស់ កុំឲ្យប្រជារាស្ត្រយើងត្រូវបានពួកអគតិ បន្តមើលងាយបោកប្រាស់បានដូច្នេះទៀត។ គ្រប់ស្ថាបន័មីក្រូហិរញ្ញវត្ថុ នៅតាមមូលដ្ឋាន ស្រុកឃុំត្រូវបើកយុទ្ធនាការ ចេញឃោសនាបកស្រាយពន្យល់ប្រជាពលរដ្ឋ អាចធ្វើគ្រប់រូបភាព គ្រប់មធ្យោបាយ សូម្បីនៅតាមកន្លែងផ្តល់ ប្រាក់កម្ចីទាំងអស់ ត្រូវតែសរសេរពាក្យពន្យល់ណែនាំប្រជាពលរដ្ឋឲ្យបានច្បាស់ជាមុន»

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ។ មិនអាចលុបបំណុលជូន បងប្អូនប្រជាពលរដ្ឋបានទេ។

ការអំពាវនាវនេះធ្វើឡើងដោយរយៈពេលកន្លងមកនេះរាជរដ្ឋាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទតែងតែ មានការយល់ ច្រឡំថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋដឹងថា «ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជាស្ថាប័នរបស់រដ្ឋទេ»។

សូមស្តាប់ប្រសាសន៍សម្តេចថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧៖