(ភ្នំពេញ)៖ ពាក្យចាស់របស់ខ្មែរបានពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ ពាក្យមួយទៀតថា «ដំណក់ឈាមឪបន្តទៅកូន» នោះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលជាកូនប្រុសពៅ របស់លោក សម សារី បានទទួលមរតកអត្តចរិត និងចិត្តគំនិតមិនខុសពីឪពុកឡើយ ជាពិសេសគឺពុតត្បុត និងល្បិចកិច្ចកលទុច្ចរិតប្រកប ដោយភាពពិសពុលក្នុងការនាំភាពវឹកវរចំពោះជាតិ។

លោក សម សារី គឺជាបុគ្គលនយោបាយមួយរូបក្នុងសម័យសង្គមរាស្រ្តនិយម ដែលត្រូវបានចារថា ជាជនក្បត់ជាតិ ព្រោះតែការរៀបចំគម្រោងផ្តួលរំលំ របបសង្គមរាស្រ្តនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ។ លោក សម សារី ក៏ត្រូវបានប្រវត្តិសាស្រ្តចារដែរថា ជាបុគ្គលនិងជាអ្នកនយោបាយ ដែលសម្បូរណ៍ល្បិចកិច្ចកលដ៏ពិសពុលមួយរូប។

យោងតាមឯកសាររបស់ «សមាគមឯកសារវិទូខ្មែរ» បានរៀបរាប់ថា លោក សម សារី ក្នុងអំឡុងឆ្នាំ១៩៥៦ បានលួចឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងចេតនាផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំបានផ្តល់គុណូបការៈគុណជាច្រើនសម្រាប់រូបលោក។ ល្បិចកិច្ចកលរបស់លោក សម សារី ក្នុងការដណ្តើមអំណាចនេះ ធ្វើឲ្យព្រះប្រមុខរដ្ឋ សម្ត្តេច នរោត្តម សីហនុ ដឹងជាមុន ហើយបានប្រកាសដកតំណែង និងឋានន្តរស័ក្តិសព្វបែបយ៉ាង។

ព្រោះតែខឹងការបាត់បង់តំណែង និងបុណ្យស័ក្តិនេះលោក សម សារី បានបង្កើតកាសែតមួយឈ្មោះថា «រាស្ត្រធិបតី» ជាភាសាខ្មែរ-បារាំង ធ្វើការតិះទៀនយ៉ាងចាស់ដៃលើការដឹកនាំរបស់សម្ដេច នរោត្តម សីហនុ។ កាសែតនេះចេញផ្សាយលើកទី១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៨។

លុះដល់ឆ្នាំ១៩៥៩ លោក សម សារី បានបង្កើតគណបក្សមួយឈ្មោះថា «ប្រជុំខ្មែរប្រជាធិបតេយ្យ» ដោយបង្ហាញជំហរស្ដាំនិយម និងធ្វើការប្រឆាំងយ៉ាងងុបងុលជាមួយរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ ហើយបានលួចឃុបឃិតជាមួយក្រុមចលនាបះបោរតាមទល់ដែនខ្មែរ-ថៃ ដើម្បីរំលំរបបសង្គមរាស្រ្តនិយម។ ផែនការក្បត់របស់លោក សម សារី បានធ្វើឲ្យសភាបោះឆ្នោតឲ្យចាប់ខ្លួន ហើយលោកក៏បានភៀសខ្លួនទៅប្រទេសវៀតណាមខាងត្បូងជារៀងរហូត។

អំពើក្បត់របស់លោក សម សារី ធ្វើឲ្យគ្រួសាររបស់លោករួមមាន ភរិយា, ឪពុក និងកូន ត្រូវបានដកតំណែង និងបង្ខំឲ្យឈប់ពីការងាររដ្ឋ។ លោកស្រី អ៉ិន អេម បន្ទាប់ពីចាប់ដាក់គុកមួយរយៈ ក៏បានដោះលែងវិញ តែត្រូវកម្លាំងសមត្ថកិច្ចឃ្លាំមើលមិនឲ្យចេញពីផ្ទះ ទើបដល់ឆ្នាំ១៩៦៥ ទើបគ្រួសារគាត់បានទទួលការអនុញ្ញាតឲ្យចេញពីកម្ពុជា។

ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជាពលរដ្ឋបានរិះគន់ និងតិះដៀលយ៉ាងខ្លាំងចំពោះអំពើក្បត់របស់លោក សម សារី។ ផ្ទាំងរូបគំនូររបស់ សម សារី ជាឆ្កែ និងសរសេររំលេចថា «សម សារី ឆ្កែខ្ញុំ មិនតូចមិនធំ ទ្រង់ទ្រើសជាងខ្លា ត្រចៀកកញ្ច្រើប មុខច្បូញដូចស្វាស៊ីឆ្អែតកាលណា បែរខាំម្ចាស់វិញ» មានបិទនៅ តាមសាលាឃុំ ឬ កន្លែងសាធារណៈ។ នៅឆ្នាំ១៩៦០ លោក សម សារី បានទៅប្រទេសលាវ ដើម្បីសុំសិទ្ធជ្រកកោននយោបាយនៅទូតបារាំង តែបារាំងមិនឲ្យ។

លោក សម សារី បានបាត់ខ្លួន និងបាត់ដំណឹងសូន្យឈឹងនៅឆ្នាំ១៩៦៣ ដោយគ្មាននរណាដឹងពីមូលនោះឡើយ សូម្បីតែក្រុមគ្រួសារ។

លោក សម រង្ស៊ី ដែលជាកូនប្រុសពៅរបស់លោក សម សារី ក៏បានទទួលមរតកឈាមកំហូច និងពិសពុលពីឪពុកផងដែរ។ លោក សម រង្ស៊ី ត្រូវបានគេដឹងថា ចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏បានកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចក្រោយការ បោះឆ្នោតឆ្នាំ១៩៩៣។ តែព្រោះភាពរឹងទទឹង និងល្បិចកិច្ចកលក្នុងការគាំទ្រក្រុមខ្មែរក្រហម ដែលធ្វើសកម្មភាពបះបោរតាមទល់ដែននោះ លោក សម រង្ស៊ី ក៏ត្រូវបានដកហូតតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ព្រមទាំងបណ្តេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៩៤។

ក្នុងជីវិតជាអ្នកនយោបាយក្រោយពេលបង្កើតគណបក្សនយោបាយឈ្មោះ «ជាតិខ្មែរ​» បន្ទាប់មកដាក់ឈ្មោះគណបក្សខ្លួនឯងផ្ទាល់តែម្តង គណបក្ស សម រង្ស៊ី។ លោក សម រង្ស៊ី មិនដែលបានធ្វើសកម្មភាពដើម្បីជាប្រយោជន៍សម្រាប់ជាតិទាំងមូលនោះឡើយ។ ផ្ទុយទៅវិញលោកតែងបានដឹកនាំសកម្មភាពបះបោរ បង្កចលនាចលនៅក្នុងប្រទេស និងបានអូសទាញប្រជាពលរដ្ឋខ្មែរមួយចំនួនស្លាប់បាត់បង់ជីវិត ព្រោះពុតត្បុតរបស់ខ្លួនថែមទៀតផង។

ការនាំគ្រោះកាចចង្រៃសម្រាប់ជាតិ ក្រោមលេសស្នេហាជាតិ គឺជាចំណុចដូចគ្នាមួយទៅហើយរវាងលោក សម រង្ស៊ី និងឪពុករបស់លោក តែចំណុចមួយទៀត ដែលដូចគ្នាកាន់តែខ្លាំងនោះ គឺការរត់ចោលប្រទេសគេចចេញពីបញ្ហាចំពោះមុខ។ ក្នុងជីវិតជាអ្នកនយោបាយ លោក សម រង្ស៊ី មកដល់បច្ចុប្បន្ននេះ បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាចំនួន ៣លើកមកហើយ គឺនៅក្នុងឆ្នាំ២០០៥, ២០០៩ និង២០១៥។

នៅប៉ុន្មានថ្ងៃមុននៅពេលឃើញលោក សម រង្ស៊ី ប្រកាសក្តែងៗថា នឹងវិលចូលស្រុកបើទោះបីប្រឈមនិងបញ្ហាគុកច្រវ៉ាក់យ៉ាងណាក្តី ធ្វើឲ្យមហាជនស្ងើចសរសើរថា លោក សម រង្ស៊ី អាចនឹងមានភាពក្លាហានផ្ទុយពីឪពុករបស់ខ្លួន។ តែមិនដល់មួយថ្ងៃផង លោក សម រង្ស៊ី ក៏ក្រឡាស់សម្តីវិញ ដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង។ គេមើលឃើញថា ប្រសិនបើលោក សម រង្ស៊ី នៅតែបន្តប្រកាន់ចរិតជាអ្នកនយោបាយកំសាកខ្លាចគុកបែបនេះទៀត ប្រាកដណាស់ថា លោកនឹងមានជោគវាសនាមិនខុសពីឪពុក ចោលឆ្អឹងលើដីគេជាមិនខាន។

* បើត្រឹមតែការស្លាប់ ក៏មិនបានស្លាប់លើដីខ្មែរផងនោះ ឯណាទៅតម្លៃដែលអួតក្តែងៗថា ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីនោះ៕