(មីយ៉ាន់ម៉ា)៖ ប្រជាជនមីយ៉ាន់ជាង១៥០០នាក់ មកពី៥០០គ្រួសារ​ដែលមានបញ្ហាជម្លោះដីធ្លី បានចាប់ផ្ដើមអស់សង្ឃឹម និងស្រក់ទឹកភ្នែកជាបណ្ដើរៗហើយ ចំពោះរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយនិមត្តិរូប នៃលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី។​ ក្រុមពលរដ្ឋមីយ៉ាន់ម៉ា៥០នាក់ តំណាងឱ្យក្រុមអ្នកភូមិ Kantkaw ស្ថិតនៅក្នុងទីក្រុង Yangon បាននំាគ្នាធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Nay Pyi Taw កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងគំរោង របស់រដ្ឋាភិបាល ដែលចង់បណ្ដេញពួកគេចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Myanmar Times។

ទាក់ទិននឹងជម្លោះដីធ្លីនេះដែរ ថ្លែងប្រាប់ Myanmar Times អ្នកភូមិម្នាក់ឈ្មោះ Ko Maung Naing បាននិយាយថា «អ្នកមានជម្លោះដីធ្លីនៅក្នុងភូមិរបស់ខ្ញុំ កំពុងមានការខ្វះខាតជាខ្លាំង ហើយពួកគេនឹងកាន់តែលំបាក បើសិនជាត្រូវគេបណ្ដេញចេញពីទីនេះ (ភូមិ Kantkaw)។ ដូច្នេះខ្ញុំនៅទីនេះជាមួយនឹងពួកគេ ដើម្បីធ្វើការតវ៉ា»។

អ្នកភូមិរូបនេះបន្ថែមថា រដ្ឋអំណាច (ថេនសេន) បានប្រគល់ដីឱ្យប្រជាជនក្រីក្រនៅក្នុងភមិ Kantkaw ប្រមាណជា១៥០០នាក់ ឬស្មើនឹង៥០០គ្រួសារ រស់នៅអស់រយៈពេល ជាង៣ទៅ៤ឆ្នាំមកហើយ ក៏ប៉ុន្តែនៅពេលនេះរដ្ឋអំណាចថ្មី (អ៊ុងសានស៊ូជី) ស្រាប់តែឱ្យពួកគេរុះរើចេញទៅវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ​ ខាងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថា ការសម្រេចចិត្តបណ្ដេញអ្នកភូមិទាំងនេះ ដោយសារតែពួកគេបានសាងសង់ផ្ទះដោយខុសច្បាប់ នៅក្បែរផ្លូវ Highway ហើយអ្នកខ្លះទៀតព្យាយាមលក់ដីរដ្ឋឱ្យទៅជនទីបីទៀតផង។

នាពេលថ្មីនេះ បើតាមសារព័ត៌មាន Al Jazeera ដោយផ្អែកលើប្រភពមួយចំនួនពីជួរមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អ៊ុង សានស៊ូជីថា បានដឹកនាំគណបក្សតាមបែបផ្ដាច់ការ និងមិនទទួលយោបល់ពីអ្នកដទៃឡើយ។ ជាងនេះទៅទៀត រដ្ឋាភិបាលថ្មី របស់លោកស្រី ក៏មិនទាន់បានធ្វើកំណែ ទម្រង់ច្បាប់មួយចំនួន ដែលធ្លាប់បានសន្យានោះដែរ ជាក់ស្ដែងគឺច្បាប់សេរីភាពបញ្ចេញមតិលើបណ្ដាញទំនាក់សង្គមតែម្ដង ពោលគឺច្បាប់នៅតែការពារ និងដាក់ទោសទណ្ឌលើអ្នកដែលហ៊ានរិះគន់លើ ក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ា ខណៈបញ្ហាជនជាតិដើមភាគតិរ៉ូហិនយ៉ា នៅតែស្ថិតនៅក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភដដែល។

ទោះបីយ៉ាងណា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក យ៉ង់ សាំងកុមារ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅកម្ពុជា បានហៅសម្រែកដូរៗ ឬការនិយាយថា «ប្តូរសិន ហើយចាំគិតទៀត» នោះ គឺជាគំនិតមួយដែលមិនបានគិតវែងឆ្ងាយ។

លោក យ៉ង់ សាំងកុមារ បានលើកឡើងតាមរយៈ Facebook យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ត្រូវរៀនគិតឲ្យបានវែងឆ្ងាយបន្តិច ជាពិសេសទាមទារឲ្យមានភាព ច្បាស់លាស់សំខាន់ៗ ដូចជា៖ ដូរទៅណា? តើប្រព័ន្ធដឹកនាំថ្មី និងគោលនយោបាយថ្មីល្អប្រសើរជាងប្រព័ន្ធចាស់ត្រង់ចំណុចណាខ្លះ?។ តើមានយន្តការ ច្បាស់លាស់ ដើម្បីធ្វើឲ្យនាយករដ្ឋមន្រ្តីថ្មីមានគណនេយ្យភាព ឬភាពទទួលខុសត្រូវចំពោះតំណាងរាស្រ្ត និងរាស្រ្ត? តើយើងអាចដកអ្នកថ្មីមុនអាណត្តិ បានយ៉ាងដូចម្តេច បើគាត់រំលោភនូវកិច្ចសន្យា។ល។»៕